(ហ្ស៊េរុសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាថានឹងសាងសង់ជញ្ជាំងព្រំដែនមួយទៀត នៅតាមបណ្តោយព្រំដែនភាគខាងកើតជាមួយប្រទេសហ្ស៊កដានី ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ ចំពេលដែលមានការកើនឡើងនូវលំហូរនៃ អ្នកស្វែងរកសិទ្ធិជ្រកកោនមកពីតំបន់អាហ្វ្រិក។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងធ្លាប់សង់របងព្រំដែនខាងត្បូងជាមួយអេហ្ស៉ីប ហើយវិធានការនោះបានបញ្ឈប់ ជនចំណាកស្រុកចូលមកក្នុងប្រទេសរបស់យើង។ ហេតុនេះដើម្បីបញ្ឈប់ជនចំណាកស្រុកខុសច្បាប់មកពីតំបន់អាហ្រ្វិក យើងនឹងសង់របងនៅព្រំដែន ភាគខាងកើតមួយទៀតជាមួយហ្ស៊កដានី ដើម្បីធានាថានឹងមិនមានការឆ្លងកាត់ព្រំដែនបន្តទៀត»។ លោក ណេតាន់យ៉ាហ៊ូ គូសបញ្ជាក់ថា «យើងការពារ ព្រំដែនរបស់យើង គឺដើម្បីការពារប្រទេសរបស់យើង»

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ ជនចំណាកស្រុកប្រហែល ២៥,០០០នាក់ ក្នុងនោះមាន ១៨,០០០នាក់មកពីប្រទេសអេរីត្រេ បានឆ្លងចូលទឹកដី អ៉ីស្រាអែលដោយខុសច្បាប់ ដោយឆ្លងកាត់តាមតំបន់ស៉ីណៃ (Sinai) របស់អេហ្ស៉ីប។ ការសង់ជញ្ជាំងព្រំដែនភាគខាងត្បូង កាលពីឆ្នាំ២០១៣ បានជួយឲ្យ បទល្មើសអន្តោប្រវេសន៍ក្នុងប្រទេសអ៉ីស្រាអែល មានការថយចុះយ៉ាងខ្លាំង៕