(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីនៃប្រទេសអាមេនី បាននិយាយថាគោលនយោបាយនៃប្រទេសរបស់លោកដែលពឹងផ្អែកលើរុស្ស៉ីតែមួយគត់ ដើម្បីធានាការពារ សន្តិសុខ គឺជា «កំហុសយុទ្ធសាស្ត្រ» ពីព្រោះទីក្រុងមូស្គូមិនអាចផ្តល់ការធានាបែបនេះបានឡើយ ខណៈកំពុងស្ថិតក្នុងដំណើរការកាត់បន្ថយតួនាទីរបស់ ខ្លួនបន្តិចម្ដងៗ នៅក្នុងតំបន់ដ៏ធំទូលាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៉ីតាលី ឡា រ៉េពុយប្ល៊ីកា (La Repubblica) ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ផាស៊ីនយ៉ាន់ (Nikol Pashinyan) ក៏បានចោទប្រកាន់ផងដែរថារុស្ស៉ីបានបរាជ័យក្នុងការធានាការពារសន្តិសុខរបស់អាមេនី នៅចំពោះមុខអ្វី ដែលលោកហៅថាជាការឈ្លានពានពីប្រទេសក្បែរខាង នោះគឺអាស៊ែរបៃហ្សង់ ជុំវិញជម្លោះនៅឯតំបន់ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh)។

បើតាមលោក ផាស៊ីនយ៉ាន់ ទីក្រុងមូស្គូដែលមានសន្ធិសញ្ញាការពារជាតិជាមួយអាមេនី និងមានមូលដ្ឋានទ័ពក្នុងប្រទេសអាមេនីផងនោះ មិនបានចាត់ទុក ប្រទេសរបស់លោកជាអ្នកគាំទ្ររុស្ស៉ីពេញលេញមួយនោះទេ ហើយរូបលោកផ្ទាល់ជឿជាក់ថារុស្ស៉ីកំពុងស្ថិតនៅក្នុងដំណើរការនៃការដកខ្លួនចេញពី តំបន់កូកាសខាងត្បូង (South Caucasus)។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយ La Repubblica លោក ផាស៊ីនយ៉ាន់ ក៏បានសង្កត់ធ្ងន់ដែរថាអាមេនី កំពុងព្យាយាមធ្វើពិពិធកម្មកិច្ចព្រមព្រៀង សន្តិសុខរបស់ខ្លួន ដែលនេះជាការលើកឡើងមួយត្រូវបានគេមើលឃើញថាទំនងជាចង់សំដៅទៅលើទំនាក់ទំនងជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមទាំងការព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃក្នុងតំបន់៕