(តៃប៉ិ)៖ តៃវ៉ាន់ កំពុងធ្វើការដើម្បីស្តារថាមពលអគ្គិសនីដល់ពលរដ្ឋច្រើនជាង ៣០,០០០គ្រួសារ បន្ទាប់ពីព្យុះទីហ្វុងហៃគូអ៉ិ (Haikui) បានបក់បោកលើភាគខាងកើត និងភាគខាងត្បូងនៃកោះនេះ បណ្តាលឲ្យសាលារៀន និងអាជីវកម្មនានាត្រូវបិទជាបណ្តោះអាសន្ន ហើយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកក៏បានលុបចោល ជើងហោះហើរផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។

ព្យុះ Haikui បានបោកបក់ទៅដល់ដីគោកនៃតំបន់ភ្នំ ដែលមានប្រជាជនរស់នៅតិច ស្ថិតនៅឯភាគអាគ្នេយ៍ កាលពីរសៀលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បន្ទាប់មក ឆ្ពោះទៅផ្នែកខាងត្បូងនៃកោះតៃវ៉ាន់។ ក្រុមហ៊ុន Taipower បានឲ្យដឹងថា ព្យុះ Haikui បានផ្តាច់ចរន្តអគ្គិសនីសម្រាប់ពលរដ្ឋជាង ២៤០,០០០គ្រួសារ ប៉ុន្តែគិតត្រឹម ល្ងាចថ្ងៃអាទិត្យ នៅសល់ពលរដ្ឋជាង ៣៤,០០០គ្រួសារ កំពុងរង់ចាំការស្តារថាមពលអគ្គិសនីឡើងវិញនៅថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Haikui មានកម្លាំងខ្សោយជាងព្យុះទីហ្វុង Saola ដែលបានវាយប្រហារទីក្រុងហុងកុង និងខេត្តខ្វាងទុង ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃសៅរ៍។ មកទល់នឹងពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ក្នុងទីក្រុងតៃប៉ិ។ មនុស្ស ៥នាក់បានរងរបួស ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ៕