(JOHANNESBURG)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយថាការស៊ើបអង្កេតដោយឯករាជ្យមួយ បានរកឃើញថា «មិនមានភស្តុតាងណាមួយ» បញ្ជាក់ថាប្រទេសលោករបស់លោកបានផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមលោក រ៉ាម៉ាហ្វូសា ការស៊ើបអង្កេតបានរកឃើញថាកប៉ាល់ដឹកទំនិញរុស្ស៉ី បានប្រគល់អាវុធដែលត្រូវបានបញ្ជាទិញ សម្រាប់កងកម្លាំងការពារជាតិរបស់ប្រទេស អាហ្វិ្រកខាងត្បូង កាលពីឆ្នាំ២០១៨។ លោកបន្ថែមថាមិនមានភស្តុតាងណាមួយបញ្ជាក់ថាអាវុធត្រូវបាននាំចេញនោះទេ ដោយផ្អែកលើការសម្ភាសន៍ជាមួយមនុស្ស ៥០នាក់ និងការត្រួតពិនិត្យឡើងវិញនូវឯកសារច្រើន ១០០។ ប៉ុន្តែ លោក រ៉ាម៉ាហ្វូសា បានសង្កត់ធ្ងន់ថាលោកមិនអាចផ្ដល់ព័ត៌មានលម្អិតឡើយ ដោយសំអាងលើ ហេតុផលសន្តិសុខ។

គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាហ្វ្រិកខាងត្បូង​ លោក Reuben Brigety បានអះអាងថាកប៉ាល់រុស្ស៉ីឈ្មោះ Lady R បានដឹកអាវុធ និងគ្រាប់រំសេវ ចេញពីមូលដ្ឋានទ័ពជើងទឹកមួយ ស្ថិតនៅក្បែរទីក្រុង Cape Town កាលពីខែធ្នូ ឆ្នាំ២០២២។ ការលើកឡើងបែបនេះបានបង្កភាពចម្រូងចម្រាស និងភាពតានតឹង នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាហ្វ្រិកខាងត្បូង៕