(ដែលវែរ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបាននិយាយថាលោកមានការខកចិត្ត ដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក ចូ បៃដិ​ន ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុង Rehoboth Beach នៃរដ្ឋ Delaware។ លោក បៃដិន បានគូសបញ្ជាក់​ដូច្នេះថា «ខ្ញុំមានការខកចិត្ត...ប៉ុន្តែខ្ញុំនឹងទៅជួបគាត់ (លោក ស៊ី ជីនពីង)»។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះមិនបានបន្ថែមអ្វីលម្អិត លើសពីនេះនោះទេ។

គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា មុននឹង បន្តធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ខណៈរដ្ឋបាលរបស់លោកកំពុងព្យាយាមពង្រឹងទំនាក់ទំនងអាមេរិកនៅក្នុងតំបន់អាស៊ី។ លោក ស៊ី ជិនពីង ត្រូវបានគេរាយការណ៍ថានឹងមិនទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលីឡើយ ដោយនាយករដ្ឋមន្ត្រីចិន លោក Li Qiang អាចនឹងមានវត្តមាន ជំនួសរូបលោក៕