(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បានប្រាប់សារព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃអាទិត្យ (ថ្ងៃទី៣ ខែកញ្ញា) នេះថា ប្រទេសបារាំងគ្រោងនឹងហាមឃាត់បារីអេឡិចត្រូនិក។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។
លោកស្រី Bourne បាននិយាយថា «វាជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់» ដោយបន្ថែមថា រដ្ឋាភិបាលកំពុងរៀបចំផែនការសម្រាប់កម្មវិធីជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ថ្នាំជក់ ដែលលោកស្រីបាននិយាយថា វាជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ ៧៥,០០០ នាក់ក្នុងមួយឆ្នាំៗ នៅប្រទេសបារាំង។
លោកស្រីបានបន្ថែមថា អ្វីដែលគេហៅថាឧបករណ៍ puff បង្កើតទម្លាប់មិនល្អក្នុងយុវវ័យបារាំង ដែលអាចនាំឱ្យមានការញៀនថ្នាំជក់។
ទោះជាយ៉ាងនេះក្តី នាយករដ្ឋមន្ត្រីបារាំងរូបនេះបាននិយាយថា រដ្ឋាភិបាលមិនមានគម្រោងដំឡើងពន្ធថ្នាំជក់នៅឆ្នាំក្រោយទេ បន្ទាប់ពីដំឡើងថ្លៃនៅឆ្នាំនេះរួច។
គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីឆ្នាំ ២០២១ កន្លងទៅ បានដាក់ចេញនូវផែនការមហិច្ឆិតា ក្នុងការដោះស្រាយបញ្ហាថ្នាំជក់ និងគ្រឿងស្រវឹង ព្រមទាំងមាន បំណងធ្វើឱ្យមនុស្សវ័យ ២០ឆ្នាំទាំងអស់គ្មានការជក់បារី ត្រឹមឆ្នាំ២០៣០៕