(មូស្គូ)៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខ និងជាអតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev បាននិយាយនៅថ្ងៃអាទិត្យ (ថ្ងៃទី០៣ ខែកញ្ញា) នេះថា «ការធ្វើទំនើបយោធា» របស់ជប៉ុន កំពុងធ្វើឱ្យស្ថានការណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានភាពស្មុគស្មាញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

រុស្ស៊ី និងជប៉ុនមានទំនាក់ទំនងស្មុគ្រស្មាញ និងតានតឹង ដែលត្រូវបានសម្គាល់ដោយជម្លោះទឹកដីជាច្រើនទសវត្សរ៍ជុំវិញប្រជុំកោះតូចៗ ដែលគ្រប់គ្រងដោយរុស្ស៊ីនៅក្រៅកោះហុកកៃដូ ដែលទីក្រុងមូស្គូហៅថា ប្រជុំកោះគូរីលខាងត្បូង ប៉ុន្តែជប៉ុនអះអាងថា ជាទឹកដីភាគខាងជើងរបស់ខ្លួន។

ជម្លោះជុំវិញតំបន់ដែលត្រូវបានរឹបអូស ដោយសហភាពសូវៀតក្នុងថ្ងៃចុងក្រោយនៃសង្គ្រាមលោកលើកទី២ បានរារាំងទីក្រុងតូក្យូ និងមូស្គូពីការឈានដល់សន្ធិសញ្ញាសន្តិភាពជាផ្លូវការដើម្បីបញ្ចប់អរិភាព។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តី លោក Medvedev ថា «វាជារឿងអកុសលដែលអាជ្ញាធរជប៉ុន កំពុងបន្តដំណើរឆ្ពោះទៅរកការធ្វើទំនើបកម្មយោធារបស់ប្រទេសនេះ»

លោក Medvedev បាននិយាយដូច្នេះថា ប្រទេសជប៉ុន ដោយមានជំនួយពីសហរដ្ឋអាមេរិក កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួន និងបង្កើនការទិញអាវុធ។ ការនេះនាំឱ្យលោកអតីតប្រធានាធិបតីរុស្ស៉ីរូបនេះ ចាត់ទុកថាបានធ្វើអោយស្ថានការណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានភាពស្មុគស្មាញយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ​ក្រសួងការពារជាតិនៃប្រទេសជប៉ុន បានស្នើកញ្ចប់ថវិកាក្នុងទំហំកាន់តែធំថែមទៀត គឺ៧.៧ទ្រីលានយេន ឬស្មើនឹង៥២.៦៧ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ខណៈវាគឺជាជំហានថ្មីចុងក្រោយ នៅក្នុងផែនការដើម្បីបង្កើនការចំណាយ​លើវិស័យការពារជាតិជប៉ុនសរុបចំនួន៤៣ទ្រីលានយេន (២៩៤ពាន់លានដុល្លារ) ក្នុងរយៈពេល៥ឆ្នាំ៕