(មូស្គូ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅថ្ងៃសៅរ៍នេះថា នាវាពីរគ្រឿងទៀតបានឆ្លងកាត់ច្រករបៀង «បណ្តោះអាសន្ន» នៅក្នុងសមុទ្រខ្មៅ ដែលត្រូវបានបង្កើតឡើងចាប់តាំងពីប្រទេសរុស្ស៊ី បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដែលគាំទ្រ ដោយអង្គការសហប្រជាជាតិកាលពីខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

លោក Zelensky បានសរសេរនៅលើប្រព័ន្ធទំនាក់ទំនងសង្គម X ដែលពីមុនគេស្គាល់ថាជា Twitter ថា នាវាពីរបានឆ្លងកាត់ដោយជោគជ័យនូវ «ច្រករបៀងធញ្ញជាតិ» បណ្តោះអាសន្នរបស់យើង។

ទោះយ៉ាងណា លោកមិន​បាន​កំណត់​អត្តសញ្ញាណ​កប៉ាល់​ដែល​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ពី​ពេល​ដែល​នាវាទាំងនោះ​បាន​បញ្ចប់​ការ​ឆ្លងកាត់​ដែរ។

លោក Zelensky បាននិយាយដូច្នេះថា អ៊ុយក្រែនកំពុង «ស្តារសេរីភាពនៃការធ្វើនាវាចរណ៍ពិតប្រាកដនៅក្នុងសមុទ្រខ្មៅ។ សេរីភាពទាមទារការប្តេជ្ញាចិត្ត»

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា នាវាពីរបានឆ្លងកាត់ច្រករបៀងពីកំពង់ផែ Pivdenye ដោយនាវាមួយដោតទង់ជាតិប្រទេសលីបេរីយ៉ា និងមួយទៀតរបស់កោះ Marshall។

គួរបញ្ជាក់ថា រុស្ស៊ីបានបិទច្រករបស់អ៊ុយក្រែន ចាប់តាំងពីវាបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានគំរាមចាត់ទុកនាវាទាំងអស់ជាគោលដៅយោធាដ៏មានសក្តានុពល បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ ជាការឆ្លើយតប អ៊ុយក្រែនបានប្រកាសបង្កើត «ច្រករបៀងមនុស្សធម៌» ឱបឆ្នេរភាគខាងលិចនៃសមុទ្រខ្មៅ ក្បែរប្រទេសរ៉ូម៉ានី និងប៊ុលហ្គារី៕