(ប៉េកាំង)៖ នៅស្តង់តាំងពិព័រណ៍ក្រុមហ៊ុន Qualcomm ម៉ូដែល AI មុនគេបង្អស់នៅលើសកលលោកដែលអាចដំណើរការបានក្នុងទូរស័ព្ទដៃ ប្រព័ន្ធ ប្រតិបតិ្តការ android កំពុងធ្វើបទបង្ហាញ រីឯនៅស្តង់នៃក្រុមហ៊ុន PHILIPS បានតាំងពិព័រណ៍ដំណោះស្រាយច្នៃប្រឌិតថ្មីផ្នែកសុខាភិបាល ហើយនៅស្តង់នៃ ក្រុមហ៊ុន Tesla បាននាំមកនូវការដកបទពិសោធថ្មីពីបែបបទរស់នៅវៃឆ្លាត។ល។

បើសិនជាសួរអ្នកទស្សនាថា អាចរកឃើញអ្វីខ្លះក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិដែលសម្ពោធបើកនៅថ្ងៃទី២ ខែកញ្ញា? ចម្លើយគឺបច្ចកវិទ្យាថ្មី បំផុត និងឱកាសពាណិជ្ជកម្មសេវាកម្មឈាមមុខនៅលើពិភពលោកទាំងមូល។ នៅថ្ងៃដដែល ខណៈពេលថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុង កិច្ចប្រជុំកំពូលអំពីពាណិជ្ជកម្មសេវាកម្មសកលនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ ពីពាក្យគន្លឹះទាំងបួន គឺការបើកទូលាយ កិច្ចសហប្រតិបតិ្តការ ច្នៃប្រឌិតថ្មី និងចែករំលែក ដែលបានបង្ហាញទៅកាន់ពិភពលោកជាថ្មីម្តងទៀតនូវការបេ្តជ្ញាចិត្ត របស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងផ្តល់ផលប្រយោជន៍ដល់ពិភពលោកតាមរយៈសមិទ្ធផលនៃការបើកទូលាយ។

នាប៉ុន្មានឆ្នាំកន្លងទៅនេះ ពាណិជ្ជកម្មសេវាកម្មបានក្លាយជាក្បាលម៉ាស៊ីនថ្មីរបស់ពាណិជ្ជកម្មសកល។ តាមការប៉ាន់ប្រមាណរបស់អង្គការពាណិជ្ជកម្ម ពិភពលោកឱ្យដឹងថាដល់ឆ្នាំ២០៤០ សមាមាត្រនៃពាណិជ្ជកម្មសេវាកម្មក្នុងពាណិជ្ជកម្មសកលនឹងឡើងដល់៥០ភាគរយ។ ប្រការនេះធ្វើឱ្យអ្នកផង មិនពិបាកយល់ថាហេតុអ្វីបានជាពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះ អាចទាក់ទាញសហគ្រាសចំនួនជាង២៤០០មកចូលរួមការតាំងពិព័រណ៍ នៅកន្លែងផ្ទាល់ ក្នុងនោះក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខលើវិស័យនានា មានចំនួនជាង៥០០ ដែលបាន គ្របដណ្តប់ប្រទេស និងតំបន់ចំនួន២៨ ដែលស្ថិតនៅលេខរៀង៣០ខាងមុខ នៅលើពិភពលោកលើវិស័យពាណិជ្ជកម្មសេវាកម្ម។

យោងតាមទិន្ន័យនៃក្រសួងពាណិជ្ជកម្មចិនបានបង្ហាញឱ្យឃើញថាទំហំពាណិជ្ជកម្មសេវាកម្មនាំចូលនាំចូលសរុបរបស់ប្រទេសចិននៅឆ្នាំ២០២២ មានចំនួន ជិត៦ទ្រីលានយាន់ប្រាក់ចិន ដែលបានកាន់ចំណាត់ថ្នាក់ទីពីរនៅលើពិភពលោកក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា។ ពាណិជ្ជករជាតិនិងអន្តរជាតិចូលរួមពិព័រណ៍ យ៉ាងសកម្ម មូលហេតុសំខាន់ គឺមានសុទិដ្ឋិនិយមចំពោះទីផ្សារដ៏ធំធេងរបស់ចិននិងកាលានុវត្តភាពថ្មី ដែលបាននាំមកដោយការលើកកម្ពស់លំដាប់ថ្នាក់ នៃឧស្សាហកម្មជាបន្តបន្ទាប់។

«ពង្រីកការបើកទូលាយលើវិស័យពាណិជ្ជកម្មសេវាកម្ម ដូចជាទូរគមនាគមន៍ ទេសចរណ៍ ច្បាប់និងការប្រឡងខាងវិជ្ជាជីវៈជាដើម» «ពង្រីកការនាំចូល សេវាកម្មមានគុណភាពខ្ពស់ដោយម្ចាស់ការ» «លើកទឹកចិត្តឱ្យពង្រីកការនាំចេញសេវាកម្មដែលពឹងផ្អែកលើចំណេះដឹង»។ល។ ប្រទេសចិនបានដាក់ចេញ វិធានការថ្មីមួយចំនួន ដែលបាននាំមកនូវឱកាសកាន់តែច្រើនដល់ពិភពលោកដើម្បីចែករំលែកទីផ្សារចិនជាមួយគ្នា។ ឥស្សរជនវិភាគបានប៉ាន់ប្រមាណថា នៅឆ្នាំ២០២៥ អត្រានៃការប្រើប្រាស់ខាងសេវាកម្មនៃប្រជាជនទីក្រុងនិងជនបទរបស់ប្រទេសចិន នឹងត្រូវលើកកម្ពស់ពី៤៣,២ភាគរយនាឆ្នាំ២០២២ ឡើងដល់ប្រហែល៥០ភាគរយ ប្រការនេះនឹងនាំមកនូវទីផ្សារប្រើប្រាស់ថ្មីដែលមានទំហំប្រហែល១០ទ្រីលានយាន់ប្រាក់ចិន។

សូមបញ្ជាក់ថា ឆ្នាំនេះជាខួបទី៤៥ នៃការអនុវត្តគោលនយោបាយកំណែទម្រង់ និងបើកទូលាយរបស់ប្រទេសចិន។ ក្នុងនាមជាវេទិកាដ៏សំខាន់មួយរបស់ ប្រទេសចិនក្នុងការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ជាសាក្សីនៃការរួមចំណែកដល់ពាណិជ្ជកម្មសេវាកម្ម និងកំណើនសេដ្ឋកិច្ចសកលរបស់ប្រទេសចិន។ អាចប៉ាន់ប្រមាណថា ស្របពេលដែលការធ្វើទំនើបកម្មតាមបែបផែនចិនត្រូវបានជំរុញជាបន្តបន្ទាប់ ប្រទេសចិននឹងពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ឥតឈប់ឈរ។ ប្រការនេះមុខជានឹងបង្កើតសេវាកម្មបែបចិនកាន់តែច្រើននិង កាន់តែល្អប្រសើរ ក្នុងន័យនាំមកនូវអារម្មណ៍ទទួលបានកាន់តែច្រើនដល់ប្រជាជនសកលលោក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន