(ប៉េកាំង)៖ ថ្ងៃទី២ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មពិភពលោក នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ២០២៣។
លោក Xi Jinping បានគូសបញ្ជាក់ថាឆ្នាំ២០២៣ នេះគឺជាខួបលើកទី៤៥ នៃកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន ហើយប្រទេសចិននឹងបន្ត ជំរុញការបើកទូលាយកម្រិតខ្ពស់ ដើម្បីផ្តល់ឱកាសថ្មីៗសម្រាប់ប្រទេសនានាក្នុងការបើកទូលាយនិងសហប្រតិបត្តិការ។ ប្រទេសចិនរីករាយរួមសហការ ជាមួយប្រទេសនានាក្នុងការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្នតាមរយៈការបើកទូលាយសេវាកម្ម ជំរុញការតភ្ជាប់អន្តរនិងសមាហរណកម្មតាមរយៈ កិច្ចសហប្រតិបត្តិការសេវាកម្ម ជំរុញសន្ទុះនៃការអភិវឌ្ឍតាមរយៈការច្នៃប្រឌិតសេវាកម្មនិងបង្កើតអនាគតដ៏ល្អប្រសើរតាមរយៈការចែករំលែកសេវាកម្ម ដើម្បីជំរុញសេដ្ឋកិច្ចសកលដើរនៅលើផ្លូវស្តារឡើងវិញប្រកបដោយនិរន្តរភាព។
លោក Xi Jinping បានគូសបញ្ជាក់ថា យើងនឹងចែករំលែកផ្លែផ្កានៃការធ្វើទំនើបកម្មតាមបែបចិន។ ផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក ពន្លឿនការកសាង ទីផ្សារក្នុងស្រុក ពង្រីកការនាំចូលសេវាកម្មគុណភាពខ្ពស់ ជំរុញនិងពង្រីកការនាំចេញសេវាកម្មដែលពឹងផ្អែកខ្លាំងលើចំណេះដឹង ប្រើប្រាស់ឱកាសទីផ្សារ ដ៏ធំធេងរបស់ប្រទេសចិនផ្តល់នូវកម្លាំងអភិវឌ្ឍន៍ថ្មី ដល់ពិភពលោក និងផ្តល់សេវាកម្មកាន់តែច្រើននិងកាន់តែប្រសើរឡើងសម្រាប់ពិភពលោកទាំងមូល តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បង្កើនអារម្មណ៍នៃការទទួលបានរបស់ប្រជាជនពិភពលោក។
ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនលើកនេះធ្វើឡើងក្រោមប្រធានបទ «ការបើកទូលាយនាំមកការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនាំមកអនាគតឈ្នះ-ឈ្នះ» នឹងបន្តដើរតួនាទីយ៉ាងសំខាន់ជាវេទិកាសម្រាប់ពង្រីកការបើកទូលាយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិតឈានមុខគេ ដើម្បី បង្កើតការឯកភាពគ្នា បង្កើនទំនុកចិត្តនិងប្រមូលផ្តុំកម្លាំងសម្រាប់ការអភិវឌ្ឍនៃឧស្សាហកម្មសេវាកម្មពិភពលោក និងពាណិជ្ជកម្មលើសេវាកម្ម៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន