(មូស្គូ)៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី ​និងជាអតីតប្រធានាធិបតី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បាននិយាយនៅថ្ងៃអាទិត្យនេះថា មនុស្សប្រហែល ២៨០,០០០នាក់ បានចុះឈ្មោះចូលរួមបម្រើការក្នុងជួរយោធារុស្ស៉ី គិតមកទល់នឹងឆ្នាំ២០២៣នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក ម៉េដវេដេវ ធ្វើការកត់សម្គាល់ខាងលើ នាឱកាសនៃការបំពេញទស្សនកិច្ចទៅកាន់តំបន់ចុងបូព៌ារបស់រុស្ស៉ី និងបានជួបជាមួយក្រុមមន្ត្រីក្នុងតំបន់ ដើម្បី ពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងបង្កើនចំនួនកងទ័ព។ តាមរយៈការដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន TASS លោក ម៉េដវេដេវ បានគូសបញ្ជាក់ដូច្នេះថា «បើតាមក្រសួងការពារជាតិ ចាប់តាំងពីថ្ងៃទី១ ខែមករាមក (ឆ្នាំ២០២៣) មនុស្សប្រហែល ២៨០,០០០នាក់ ត្រូវបានទទួលយកឱ្យចូលបម្រើការក្នុងជួរ កងកម្លាំងប្រដាប់អាវុធ ដោយមានកិច្ចសន្យាជាមូលដ្ឋាន ក្នុងនោះរួមមានទាំងកងទ័ពបម្រុងផងដែរ»

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ រុស្ស៉ីបានប្រកាសពីផែនការបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធ ៣០ភាគរយ ឬឱ្យដល់ ១.៥លាននាក់ ប្រឈមមុខនឹង ការបាត់បង់កងទ័ព នៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ កាលពីខែកញ្ញា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៉ី លោក ពូទីន បានកែនកងទ័ពមួយផ្នែក ចំនួន ៣០០,០០០នាក់ ដោយបង្កឱ្យប្រជាជនរុស្ស៉ីជាបុរសរាប់ម៉ឺននាក់ត្រូវបានគេរាយការណ៍ថានាំគ្នាសម្រុកចេញពីប្រទេស នៅពេលនោះ។

ចាប់តាំងពីពេលនោះមកដែរ លោក ពូទីន បាននិយាយថាមិនមានភាពចាំបាច់ត្រូវកែនកងទ័ពបន្ថែមទៀតនោះទេ។ ចំណែក សមាជិកសភារុស្ស៉ីមួយចំនួន បាននិយាយថារុស្ស៉ីត្រូវការកងទ័ពអាជីព ៧លាននាក់ឯណោះ ដើម្បីធានាសុខសុវត្ថិភាពប្រទេសជាតិ ប៉ុន្តែចំនួនកងទ័ពដ៏ច្រើននេះក៏តម្រូវឱ្យមានកញ្ចប់ ថវិកាយោធាយ៉ាងសម្បើមដែរ តែបច្ចុប្បន្នរុស្ស៉ីកំពុងជាប់ទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច៕