(កៀវ)៖ កងកម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែកញ្ញានេះថាខ្លួនបានបាញ់កម្ទេចយន្ដហោះដ្រូន ២២គ្រឿង របស់រុស្ស៉ី ដែលបានបើកការវាយប្រហារទាំងយប់លើតំបន់អូដេសា (Odesa) នៃភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​។

នៅក្នុងសារមួយបង្ហោះលើ Telegram កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «រុស្ស៉ីបានបើកការវាយប្រហារជាច្រើន ដោយ ប្រើប្រាស់យន្ដហោះដ្រូន Shahed ចេញពីភាគខាងត្បូង និងភាគអាគ្នេយ៍។ គិតជាសរុប យន្ដហោះដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ចំនួន ២៥គ្រឿង ត្រូវបានប្រើសម្រាប់ការវាយប្រហារ ហើយក្នុងចំណោមយន្ដហោះដ្រូនទាំងនេះមាន ២២គ្រឿងត្រូវបានបាញ់កម្ទេចដោយកងកម្លាំងការពារដែនអាកាស ក្រោមកិច្ចសហការជាមួយអង្គភាពការពារដែនអាកាសដទៃទៀត នៃកងកម្លាំងការពារជាតិអ៊ុយក្រែន»

គួរបញ្ជាក់ថា ចាប់តាំងពីការដួលរលំនៃកិច្ចព្រមព្រៀងធញ្ញជាតិសមុទ្រខ្មៅ កាលពីខែកក្កដាមក រុស្ស៉ីបានបង្កើនការវាយប្រហារជាបន្តបន្ទាប់លើតំបន់ អូដេសា និងមីកូឡេវ (Mykolaiv) នៃភាគខាងត្បូងប្រទេសអ៊ុយក្រែន ជាទីដែលសម្បូរទៅដោយកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ ការដឹកជញ្ជូននាំចេញធញ្ញជាតិទៅកាន់ទីផ្សារអន្តរជាតិ៕