(ស៉ីដនី)៖ អូស្ត្រាលី នៅថ្ងៃអាទិត្យ ទី៣ ខែកញ្ញានេះបាននិយាយថាខ្លួននឹងបញ្ជូនប៉ូលិសបន្ថែម ទៅកាន់ប្រទេសដែនកោះសូឡូម៉ុន ដើម្បីជួយពង្រឹង សន្តិសុខសម្រាប់ព្រឹត្តិការណ៍កីឡា Pacific Games ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ ហើយមន្ត្រីប៉ូលិសទាំងនេះនឹងបន្តស្ថិតនៅសូឡូម៉ុន រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ដើម្បីការពារសន្តិសុខដល់ការរៀបចំការបោះឆ្នោតសកល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបន្តវត្តមានប៉ូលិសអូស្ត្រាលីខាងលើ កើតមានឡើង បន្ទាប់ពីសូឡូម៉ុនបានធ្វើបច្ចុប្បន្នភាពទំនាក់ទំនងរបស់ខ្លួនជាមួយចិន តាមរយៈ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយកាលពីខែកក្កដាកន្លងទៅ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យនៃនាយកដ្ឋានកិច្ចការ ការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានគូសបញ្ជាក់ដូច្នេះថា «តាមតបការស្នើសុំពីរដ្ឋាភិបាលសូឡូម៉ុន អូស្ត្រាលីបានបន្តការចូលរួមចំណែករបស់ ខ្លួន ក្នុងការជួយគាំទ្រដល់កងកម្លាំងប៉ូលិសសូឡូម៉ុន (SIAF) រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ដើម្បីផ្ដល់ជំនួយសន្តិសុខសម្រាប់ការបោះឆ្នោត សកល»

គួរបញ្ជាក់ថា ប្រទេសដែនកោះសូឡូម៉ុន កាលពីថ្ងៃសុក្រកន្លងទៅនេះ បានឱ្យដឹងថាបានស្នើឱ្យអូស្ត្រាលីបន្តរក្សាវត្តមានប៉ូលិសនៅក្នុងប្រទេសរបស់ ខ្លួន ដែលដំបូងឡើយ ត្រូវផុតកំណត់នៅត្រឹមខែធ្នូ ខាងមុខ។ អូស្ត្រាលី បានបញ្ជូនប៉ូលិសទៅកាន់សូឡូម៉ុន កាលពីខែធ្នូ ឆ្នាំ២០២១ ដើម្បីជួយ បង្ក្រាបកុបកម្មដ៏ហិង្សាប្រឆាំងរដ្ឋាភិបាល នៅពេលនោះ។ ចំណែក ចិនវិញនៅក្នុងឆ្នាំ២០២៣នេះក៏បានបញ្ជូនគ្រូបង្វឹកប៉ូលិសរបស់ខ្លួន ទៅកាន់ ប្រទេសសូឡូម៉ុនផងដែរ ដើម្បីជួយការពារសន្តិសុខសម្រាប់ព្រឹត្តិការណ៍កីឡា Pacific Games ដែលមានអត្តពលិកជាង ៥,០០០នាក់មកពីរាប់សិប ប្រទេសចូលរួម៕