(នីញ៉ាម៉េ)៖ ប្រជាជនរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាក្នុងរដ្ឋធានីនីញ៉ាម៉េ នៃប្រទេសនីហ្សេ ដើម្បីទាមទារឱ្យបារាំងដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វ្រិកខាងលិចមួយនេះ ខណៈរបបដឹកនាំយោធាថ្មី បានចោទប្រកាន់អតីត​ម្ចាស់​អណានិគមមួយនេះលូកលាន់ កិច្ចការផ្ទៃក្នុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមបាតុករបានប្រមូលផ្ដុំគ្នា​នៅក្បែរមូលដ្ឋានយោធាមួយដែលទទួលកងទ័ពបារាំងឱ្យឈរជើង កាលពីថ្ងៃសៅរ៍ ទី២ ខែកញ្ញា នៅចំពោះមុខការកើន ឡើងគំនិតប្រឆាំងវត្តមានកងទ័ពបារាំងនៅក្នុងប្រទេសនីហ្សេ។ ក្រុមបាតុករបានកាន់ផ្ទាំងបដាដែលមានសរសេរពាក្យ «កងទ័ពបារាំង ចាកចេញពី ប្រទេសរបស់ពួកយើង»

រដ្ឋាភិបាលយោធារបស់នីហ្សេ ដែលបានដណ្ដើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារមួយកាលពីថ្ងៃទី២៦ ខែកក្កដា បានចោទប្រកាន់លោក ម៉ាក្រុង ប្រធានាធិបតីបារាំងថាបានប្រើប្រាស់វោហារបំបែកបំបាក់នៅក្នុងការអត្ថាធិប្បាយរបស់លោកអំពីរដ្ឋប្រហារ និងកំពុងព្យាយាមដាក់ទំនាក់ទំនងបែប អាណានិគមមួយជាមួយនីហ្សេ ដែលកាលពីអតីតកាលធ្លាប់ស្ថិតនៅក្រោមការត្រួតត្រារបស់បារាំង។ ការចោទប្រកាន់បែបនេះកើតមានឡើងគឺ ដោយសារតែលោក ម៉ាក្រុងបានប្រកាន់ជំហរគាំទ្រលោកប្រធានាធិបតី មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) ដែលត្រូវបានធ្វើរដ្ឋប្រហារ ទម្លាក់ចេញពីអំណាច និងបានបដិសេធទទួលស្គាល់របបសឹកថ្មីនៃប្រទេសនីហ្សេ។

គួរបញ្ជាក់ថា របបយោធានីហ្សេ កាលពីប៉ុន្មានសប្ដាហ៍មុននេះ ក៏ធ្លាប់បានប្រកាសបណ្ដេញឯកអគ្គរដ្ឋទូតបារាំង លោក ស៊ីលវ៉ុំាង អ៉ីតតេ (Sylvain Itte) ចេញពីប្រទេសរបស់ខ្លួន ដោយទុកពេល ៤៨ម៉ោងផងដែរ។ ប៉ុន្តែ ឯកអគ្គរដ្ឋទូតបារាំងរូបនេះនៅតែបន្តស្ថិតនៅក្នុងប្រទេសនីហ្សេនៅឡើយ ដោយរដ្ឋាភិបាលបារាំងនិយាយថារបបសឹកនីហ្សេ មិនមានអំណាចស្របច្បាប់ដើម្បីបណ្ដេញឯកអគ្គរដ្ឋទូតរបស់ខ្លួន នោះទេ៕