(តៃប៉ិ)៖ ជើងហោះហើរនៅក្នុងស្រុកត្រូវបានលុបចោល និងមនុសជិត ៣,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ខណៈ កោះតៃវ៉ាន់បានត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ការមកដល់នៃព្យុះទីហ្វុងហៃគូអ៉ិ (Haikui) នៅថ្ងៃអាទិត្យ ទី៣ ខែកញ្ញានេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ព្យុះទីហ្វុងហៃគូអ៉ិ (Haikui) ត្រូវបានរំពឹងថានឹងនាំមកជាមួយខ្យល់បាក់ និងភ្លៀងធ្លាក់ខ្លាំងនៅឯភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់។ ព្យុះទីហ្វុងនេះអាចនឹងបក់បោកទៅដល់ដីគោក នៅតាមតំបន់ភ្នំ និងតំបន់មិនសូវមានប្រជាជនរស់នៅ ស្ថិតនៅភាគអាគ្នេយ៍តៃវ៉ាន់ នៅរសៀល ថ្ងៃអាទិត្យនេះ ដោយក្នុងនោះតំបន់ និងទីក្រុងជាច្រើនក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងបានបិទសាលារៀន និងប្រកាសថ្ងៃឈប់សម្រាក មួយថ្ងៃសម្រាប់កម្មករ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង ហៃគូអ៉ិ (Haikui) មានឥទ្ធិពលខ្សោយជាងព្យុះទីហ្វុង សាវឡា (Saola) ដែលបានវាយប្រហារលើទីក្រុងហុងកុង និងខេត្តក្វាងទុង នៃភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសៅរ៍ ទី២ ខែកញ្ញា។ ហៃគូអ៉ិ ត្រូវបានរំពឹងថានឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុងកម្រិតទី១ និង ទី២តែប៉ុណ្ណោះនៅពេលដែលវាបក់បោកលើតៃវ៉ាន់។ ប៉ុន្តែ ជាការវិធានការបង្ការ អាជ្ញាធរតៃវ៉ាន់បានជម្លៀសមនុស្ស ២,៨៦៨នាក់ ទៅកាន់កន្លែង មានសុវត្ថិភាពរួចជាស្រេច ក្នុងតំបន់ភាគខាងត្បូង និងខាងកើត។ ចំណែក ជើងហោះហើរក្នុងស្រុកត្រូវបានលុបចោល ខណៈជើងហោះហើរ អន្តរជាតិមានតែ ២៥ជើងទេដែលត្រូវបានលុបចោលនៅថ្ងៃអាទិត្យនេះ៕