(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ នៅថ្ងៃអាទិត្យ​​ ទី៣ ខែកញ្ញានេះ​បានរាយការណ៍ថាយោធាកូរ៉េខាងជើង បានដឹកនាំការធ្វើសមយុទ្ធយោធា ហាត់សមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះ ក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ ចំនួន ២គ្រាប់ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសប្បនិម្មិត ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាម KCNA សមយុទ្ធយោធារបស់កូរ៉េខាងជើងខាងលើ ក៏ជាសារព្រមានមួយផ្ញើទៅកាន់សត្រូវទាំងឡាយផងដែរ ពីគ្រោះថ្នាក់ពិតប្រាកដនៃសង្រ្គាមនុយក្លេអ៊ែរ ខណៈទីក្រុងព្យុងយ៉ាងបានប្ដេជ្ញាចិត្តសាជាថ្មី ដើម្បីជំរុញសមត្ថភាពយោធាកំញើញប្រឆាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។ មីស៊ីលគ្រូសទាំង២គ្រាប់ដែល មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសប្បនិម្មិតត្រូវបានបាញ់ឆ្ពោះទៅកាន់សមុទ្រខាងលិចនៃឧបទ្វីបកូរ៉េ ហើយហោះបានចម្ងាយ ១,៥០០គីឡូម៉ែត្រ។

KCNA បានគូសបញ្ជាក់ដូច្នេះថា «ការធ្វើតេស្ដបាញ់សម្រាប់ការហាត់សមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ដើម្បីជាការព្រមានដល់សត្រូវទាំងឡាយពីគ្រោះថ្នាក់ពិតប្រាកដនៃសង្រ្គាមនុយក្លេអ៊ែរ។ មីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយពីគ្រាប់មានបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរសប្បនិម្មិត ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងលិចរបស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រក្នុងទិសដៅទៅទិសខាងត្បូង»។

គួរបញ្ជាក់ថា ការធ្វើតេស្ដបាញ់មីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំឈ្មោះ Ulchi Freedom Shield រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានរយៈពេល១១ថ្ងៃ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ នៅក្នុងសមយុទ្ធយោធានេះក៏មាន ការចូលរួមពីយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ផងដែរ ហើយកូរ៉េខាងជើងតែងតែចោទប្រកាន់ថាការធ្វើសមយុទ្ធយោធាបែបនេះគឺជាការត្រៀមលក្ខណៈ ធ្វើសង្រ្គាមឈ្លានពានលើប្រទេសរបស់ខ្លួន៕