(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រតិបត្តិការរបស់កងកម្លាំងទីក្រុងកៀវកំពុង «ឆ្ពោះទៅមុខ» ប្រឆាំងរុស្ស៉ី និងបានច្រានចោលការលើកឡើងរបស់ក្រុមមន្ត្រីលោកខាងលិចដែលថាដំណើរការមានភាពយឺតយាវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងសប្តាហ៍នេះ ក្រុមមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានសម្តែងការខកចិត្តចំពោះភាពយឺតយាវនៃការវាយលុក ដែលនាំឲ្យខូចដល់យុទ្ធសាស្ត្ររបស់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បានបញ្ជាក់តាមបណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា «ទោះបីជាមានអ្វីកើតឡើង ហើយមិនថានរណានិយាយអ្វីក៏ដោយ ពួកយើងកំពុងបោះជំហ៊ានទៅមុខ»។

គួរបញ្ជាក់ថា ការវាយបករបស់អ៊ុយក្រែនរយៈពេលជិត ៣ខែមកហើយនោះ បានដណ្តើមយកមកវិញនូវភូមិជាច្រើន ប៉ុន្តែនៅមិនទាន់អាចទម្លុះខ្សែការពារដ៏សំខាន់ណាមួយរបស់នោះទេ។ មានការភ័យខ្លាចថា ការគាំទ្ររបស់លោកខាងលិចអាចធ្លាក់ចុះ ហើយអាកាសធាតុត្រជាក់នឹងនាំឲ្យដំណើរការលើសមរភូមិកាន់តែយឺតយាវ នៅចុងឆ្នាំ ២០២៣នេះ ខណៈដែលលោកខាងលិចខំចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីជួយដល់អ៊ុយក្រែន៕