(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសៅរ៍នេះ បានប្រកាសពីការបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ២គ្រឿងនៅតំបន់បែលហ្គោរូដ (Belgorod) ដែលជាតំបន់ជាប់ព្រំដែនជាមួយអ៊ុយក្រែន ហើយតែងរងការវាយប្រហារជាប្រចាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣។
មន្រ្តីប្រចាំតំបន់របស់រុស្ស៉ី បាននិយាយថា ភូមិជាច្រើននៅតាមព្រំដែន បានរងការបាញ់ប្រហារពីអ៊ុយក្រែន ហើយស្ត្រីម្នាក់បានរងរបួសនៅក្នុងតំបន់ឃឺស្ក៍ (Kursk)។ អាជ្ញាធរលើកបន្តុបដោយរុស្ស៉ីនៅតំបន់ខឺសុន ក៏បាននិយាយដែរថា អ៊ុយក្រែន បានវាយប្រហារភូមិម៉ាស្លីវកា (Maslivka) ដោយយន្តហោះដ្រូន បណ្តាលឲ្យជនស៉ីវិលម្នាក់រងរបួស។
គួរបញ្ជាក់ថា ការវាយប្រហារដោយយន្តហោះដ្រូនលើទឹកដីរុស្ស៉ី បានកើតមានឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយពេលខ្លះចូលទៅដល់ទីក្រុង Pskov ភាគខាងលិចដែលមានចម្ងាយ ៦០០គីឡូម៉ែត្រពីអ៊ុយក្រែន៕