(ប៉េកាំង)៖ ថ្ងៃទី៣១ ខែសីហា លោក Rahm Emanuel ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុនបានធ្វើដំណើរពិសេសទៅកាន់ទីក្រុងហ្វូគូស៊ីម៉ា ដើម្បីបរិភោគ គ្រឿងសមុទ្រ និងផ្តល់ការគាំទ្រដល់ភាគីជប៉ុនក្នុងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចុះផ្សាយអត្ថបទមួយ នៅប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនដោយបាននិយាយថាអ៊ីចេះថាអ៊ីចុះចំពោះវិធានការឆ្លើយតបដ៏សមហេតុផលរបស់ប្រទេសចិន ហើយថែមទាំងបានមួលបង្កាច់ចិន ពីបទ «បំផ្លាញបរិស្ថានសមុទ្រ» ផង។
នៅថ្ងៃដដែល នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោក Tetsuro Nomura រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទប្រទេសជប៉ុន បានហៅទឹក ដែលបង្ហូរដោយរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាថាជាទឹកវិទ្យុសកម្មនុយក្លេអ៊ែរ។ សូម្បីតែមន្ត្រីអាជ្ញាធរជប៉ុនក៏និយាយបែបនេះដែរ ប៉ុន្តែ អាមេរិកនៅតែសម្តែងការពេញចិត្តចំពោះផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្ររបស់ជប៉ុន ហើយចាត់បញ្ជូនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ ជប៉ុនទៅកាន់ហ្វូគូស៊ីម៉ា ដើម្បីសម្តែងផ្ទាល់ពីការបរិភោគគ្រឿងសមុទ្រហ្វូគូស៊ីម៉ា គឺកំពុងឌឺដងយ៉ាងច្បាស់ក្រឡែត។
អ្វីដែលកាន់តែចំអកចំអន់ជាងនេះទៅទៀត គឺយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រទេសជប៉ុនបង្ហាញថា អាមេរិកគឺជាប្រទេសដែល បានកាត់បន្ថយការនាំចូលផលិតផលកសិកម្មរុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុនច្រើនបំផុតក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ហើយតំបន់ផលិតអាហារសំខាន់ៗ ចំនួនបីដែលត្រូវបានកាត់បន្ថយជាចម្បង សុទ្ធតែស្ថិតនៅតំបន់ដែលរងផលប៉ះពាល់ដោយការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ។
អាមេរិកបណ្តែតបណ្ដោយឱ្យជប៉ុនបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ គឺជាប់ទាក់ទងយ៉ាងខ្លាំងជាមួយនឹងឋានៈរបស់ខ្លួនដែលជាអ្នកបំផ្លាញ បរិស្ថានសមុទ្រ។ កាសែត «Los Angeles Times» របស់អាមេរិកធ្លាប់លាតត្រដាងថា កងទ័ពអាមេរិកបានចោលសារធាតុគីមីយ៉ាងច្រើនចូលទៅក្នុងសមុទ្រ។ កាសែត «Guardian» របស់អង់គ្លេសបានលាតត្រដាងនៅខែមីនា ឆ្នាំ២០២៣ថា ក្រុមហ៊ុនឧស្សាហកម្មរដ្ឋកាលីហ្វ័រញ៉ាអាមេរិកបានចោលកាកសំណល់គីមីពុល ចូលទៅក្នុងលំហរសមុទ្រជុំវិញក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ក្រៅពីនេះ អាមេរិកក៏ជា «អ្នកផលិត» សំរាមប្លាស្ទិកក្នុងសមុទ្រពិភពលោកដ៏សំខាន់ផងដែរ។
បើមើលឱ្យកាន់តែស៊ីជម្រៅ ការដែលអាមេរិកបណ្តែតបណ្ដោយឱ្យជប៉ុនបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ គឺទាក់ទងទៅនឹងការផ្លាស់ប្តូរ ផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ រហូតមកដល់សព្វថ្ងៃនេះ អាមេរិកនិងជប៉ុនបានធ្វើ កិច្ចសហប្រតិបត្តិការជាច្រើនក្នុងគម្រោងថាមពលនុយក្លេអ៊ែរស៊ីវិល។ អ្នកវិភាគយល់ឃើញថា មូលហេតុសំខាន់មួយដែលអាមេរិក «លាងជម្រះផែនការ» បង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្ររបស់ប្រទេសជប៉ុន គឺសង្ឃឹមថានឹងដោះស្រាយរឿងនេះក្នុងពេលឆាប់ៗ ហើយកុំឱ្យប៉ះពាល់ដល់ កិច្ចសហប្រតិបត្តិការផ្នែកថាមពលនុយក្លេអ៊ែរ។
លើសពីនេះទៅទៀត អាមេរិកនៅមានការផ្លាស់ប្តូរផលប្រយោជន៍កាន់តែធំទៀតផង។ ជប៉ុនចង់ឆ្លៀតប្រើកម្លាំងរបស់អាមេរិក ដើម្បីទទួលបានការគាំទ្រពី អន្តរជាតិក្នុងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ចំណែកអាមេរិកវិញ គឺឆ្លៀតឱកាសរក្សាអនុត្តរភាពយោធារបស់ខ្លួននៅប្រទេសជប៉ុន ហើយ ធ្វើឱ្យជប៉ុនកាន់តែតាំងចិត្តក្នុងការដើរតួជាកូនអុកនៅក្នុងអ្វីដែលគេហៅថា «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក»។ ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ គឺពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់មនុស្សជាតិទាំងមូល។ វាមិនមែនជាអ្វីដែលប្រទេសណាមួយបើក «ភ្លើងបៃតង» គឺអាចដំណើរការយ៉ាងរលូនបានឡើយ ហើយក៏មិនមែនជាការដែលពួកគេអាចបង្វែរក្រសែភ្នែកពីអន្តរជាតិដោយវាយប្រហារប្រទេសចិននោះទេ។
បន្ទាប់ពីប្រទេសជប៉ុនបានបង្ខំឱ្យបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ប្រទេសចិនបានចាត់វិធានការឆ្លើយតបវិញដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ខ្លួន ព្រមនិងបទប្បញ្ញត្តិពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក គឺសមហេតុផលនិងចាំបាច់ ហើយវាក៏ជាការរ៉ាង់រងទំនួលខុសត្រូវ ចំពោះការអភិរក្សបរិស្ថានអេកូឡេស៊ីសមុទ្រពិភពលោកទាំងមូល និងសុខភាពមនុស្សជាតិផងដែរ។ ប្រឈមមុខនឹងការពិត ការសម្តែងផ្ទាល់ធ្វើជាបរិភោគ គ្រឿងសមុទ្រហ្វូគូស៊ីម៉ារបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុនមិនត្រឹមតែមិនអាច «លាងជម្រះ» ផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ របស់ភាគីជប៉ុនប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីស្លាកស្នាមដិតដាមរបស់អាមេរិកនិងជប៉ុនក្នុងការបំផ្លាញបរិស្ថានសមុទ្រ និងបង្ហាញពីចេតនាអាក្រក់របស់អាមេរិក និងជប៉ុនក្នុងការឃុបឃិតគ្នាដើម្បីបង្ករឿងដល់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ នេះគួរឱ្យប្រទេសក្នុងតំបន់ត្រូវប្រុងប្រយ័ត្នខ្ពស់៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន