(មីនស្កិ៍)៖ ប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់រុស្ស៉ី បានកោះហៅមន្ត្រីទូតប៉ូឡូញម្នាក់ ដើម្បីសម្ដែងការតវ៉ាជុំវិញការចោទប្រកាន់ ថាឧទ្ធម្ភាគចក្រយោធាប៉ូឡូញមួយគ្រឿង បានហោះបំពានចូលព្រំដែនរបស់ខ្លួនកាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣។

គណ​ៈកម្មការព្រំដែនរដ្ឋរបស់បេឡារុស បានអះអាងថាឧទ្ធម្ភាគចក្រយោធាប៉ូឡូញមួយគ្រឿងធុន Mi-24 បានហោះឆ្លងព្រំដែននៅរយៈកម្ពស់មួយដ៏ទាបបំផុត និងបានហោះចូលក្នុងជម្រៅដល់ទៅ ១,២០០ម៉ែត្រ នៃទឹកដីបេឡារុស មុននឹងបកក្បាលត្រឡប់ក្រោយវិញ។ ប៉ុន្តែខាងទីក្រុងវ៉ាសូវី បានចា្រនចោល ការចោទប្រកាន់របស់បេឡារុស។

គួរបញ្ជាក់ថា ប៉ូឡូញ មានទំនាក់ទំនងតានតឹងជាមួយបេឡារុសជាយូរណាស់មកហើយ។ ទំនាក់ទំនងរវាងប្រទេសទាំង២ បានធ្លាក់ចុះកាន់តែដុនដាប ក្នុង រយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗ ដោយប៉ូឡូញ រួមជាមួយបណ្ដារដ្ឋក្នុងតំបន់បាល់ទិករួមមាន ឡេតូនី និងលីទុយអានី បានព្រមានថាពួកគេអាចនឹងបិទព្រំដែន ជាមួយបេឡារុស បើស្ថានការណ៍កាន់តែអាក្រក់ឡើង បន្ទាប់ពីបេឡារុសទទួលឱ្យទាហានស៊ីឈ្នួល Wagner ឈរជើងនៅលើទឹកដីរបស់ខ្លួន៕