(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងបញ្ជូនជាលើកដំបូងនូវ «គ្រាប់ដែលមានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម» សម្រាប់កម្ទេចរថក្រោះ ទៅឱ្យអ៊ុយក្រែន ដែលកំពុងដឹកនាំប្រតិបត្តិការវាយបកបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣។

គ្រាប់ដែលមានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម មានសមត្ថភាពអាចបាញ់កម្ទេចរថក្រោះរុស្ស៉ី អាចនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែន នៅក្នុងកញ្ចប់ជំនួយយោធាថ្មីមួយដែលអាច នឹងត្រូវបានប្រកាសនៅសប្ដាហ៍ក្រោយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះបានឱ្យដឹងទៀតថាគ្រាប់ដែលមានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូមនេះ អាចនឹងត្រូវបានប្រើដោយបាញ់ចេញពីរថក្រោះ Abrams ដែលសហរដ្ឋអាមេរិកបានផ្ដល់ឱ្យ អ៊ុយក្រែន។ ចំណែក មន្ត្រីអាមេរិកម្នាក់ទៀតក៏បានប្រាប់ Reuters​ ដែរថាកញ្ចប់ជំនួយយោធាថ្មីនេះអាចនឹងមានទំហំគិតជាទឹកប្រាក់ចន្លោះពី ២៤០លានដុល្លារ ដល់ ៣៧៥លានដុល្លារ អាស្រ័យទៅលើប្រភេទអាវុធដែលនឹងត្រូវផ្ដល់ឱ្យអ៊ុយក្រែន។ ប៉ុន្តែ ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយណាមួយឆ្លើយតបទៅនឹងការសាកសួរពី Reuters​ នោះទេ។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៣ ចក្រភពអង់គ្លេស ក៏បានផ្ដល់គ្រាប់សម្រាប់រថក្រោះ Challenger 2 មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូមឱ្យអ៊ុយក្រែនផងដែរ ​ហើយ វានឹងក្លាយជាលើកដំបូងបំផុត បើសហរដ្ឋអាមេរិកពិតជាផ្ដល់អាវុធនេះឱ្យអ៊ុយក្រែន ដែលអាចបង្កភាពចម្រូងចម្រាស និងការព្រមានពីរុស្ស៉ី។ កាលពីពេលថ្មីៗនេះ រដ្ឋបាលលោក ចូ បៃដិន ក៏បានសម្រេចចិត្តផ្ដល់គ្រាប់បែកចង្កោមសម្រាប់អ៊ុយក្រែនដែរ បើទោះជាមានការរិះគន់ពីសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួន និងការព្រមានពី រុស្ស៉ីក៏ដោយ៕