(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន (Maha Vajiralongkorn) បានចេញព្រះរាជ្យក្រឹត្យអនុម័តទទួលស្គាល់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មី របស់ថៃ ដោយក្នុងនោះមានលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផង។ នេះបើតាមព្រឹត្តិប័ត្រ​របស់​រាជវាំងថៃ​ Royal Gazette ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣។

ប្រទេសថៃ ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះគឺលោក ប្រាយុទ្ធ ចាន់អូចា ចាប់តាំងពីខែមីនា និងក្រោយគណបក្ស Move Forward ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភាមក។ ប៉ុន្តែ គណបក្ស Move Forward បានទទួលបរាជ័យក្នុងការបង្កើតរដ្ឋាភិបាល រហូតដល់ដើមខែសីហាកន្លងទៅនេះ ទើបគណបក្សភឿថៃ ទទួលបានជោគជ័យក្នុងការបង្កើតរដ្ឋាបាលថ្មី ក្រោមកិច្ចសហការជាមួយគណបក្សដែលគាំទ្រដោយយោធាថៃ។

គួរបញ្ជាក់ថា នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីនេះ គណបក្សភឿថៃ នឹងគ្រប់គ្រងក្រសួងមួយចំនួនដូចជាក្រសួងសេដ្ឋកិច្ច ការពារជាតិ ដឹកជញ្ជូន ពាណិជ្ជកម្ម សុខាភិបាល និងក្រសួងការបរទេស ខណៈគណបក្សជាដៃគូក្រុមចម្រុះធំទី២ គឺភូមិចៃថៃ នឹងគ្រប់គ្រងក្រសួងដូចជាក្រសួងអប់រំ មហាផ្ទៃ និងក្រសួងការងារ។ ចំណែក គណបក្សអភិរក្សនិយម និងគាំទ្រដោយយោធាស្ថិតក្នុងក្រុមចម្រុះរបស់ភឿថៃដែរនោះ នឹងដឹកនាំក្រសួងថាមពល និងបរិស្ថាន។ គណៈរដ្ឋមន្ត្រីដឹកនាំដោយ លោក Srettha Thavisin មានសមាជិកចំនួន៣៤រូប៕