(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថាលោកផ្ទាល់រំពឹងថាអាចនឹងបានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងពេលឆាប់ៗ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាប្រមុខវិមានក្រឹមឡាំងរូបនេះមានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅខែតុលាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣។

រុស្ស៉ី បាន និងកំពុងបង្កើនការបោះដៃទៅរកចិនកាន់តែខ្លាំងឡើង ចាប់តាំងពីមានទំនាក់ទំនងល្អក់កករជាមួយលោកខាងលិច កាលពីឆ្នាំ២០២២មក ដោយសារតែការសម្រេចចិត្តបើកការឈ្លានពានប្រឆាំងអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស។ ចិនមិនបានថ្កោលទោសទីក្រុងមូស្គូ ចំពោះ សង្រ្គាមនេះនោះទេ ហើយម្ដងម្កាលថែមទាំងបានថ្កោលទោសទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៉ីទៀតផង ខណៈកំពុងទាញយកប្រយោជន៍ ពីការទិញប្រេងក្នុងតម្លៃថោកពីទីក្រុងមូស្គូ។

កាលពីខែកក្កដាកន្លងទៅ ទីប្រឹក្សាគោលនយោបាយការបរទេសនៃវិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ (Yury Ushakov) បានឱ្យដឹងថាលោក ពូទីន មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅខែតុលាខាងមុខ តបតាមការអញ្ជើញរបស់លោក ស៊ី ជិនពីង អំឡុងលោកប្រធានាធិបតីចិន បំពេញ ទស្សនកិច្ចនៅរុស្ស៉ី កាលពីខែមីនា។ ជាថ្មីម្ដងទៀត នៅថ្ងៃសុក្រ ទី១ ខែកញ្ញានេះ លោក ពូទីនផ្ទាល់បានបញ្ជាក់ក្នុងសុន្ទរកថាមួយតាមកញ្ចក់ ទូរទស្សន៍ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិន។

«ក្នុងពេលឆាប់ៗ យើងនឹងមានព្រឹត្តិការណ៍ជាច្រើន ហើយនៅទីនោះនឹងមានជំនួបមួយ ជាមួយលោកប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន»។ នេះជាការបញ្ជាក់របស់លោក ពូទីនដែលត្រូវបានដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានរុស្ស៉ី Interfax។ លោក ពូទីន បន្ថែមថាលោក ស៊ី ជិនពីង បានហៅរូបលោកថាជាមិត្ត ហើយលោកក៏សប្បាយចិត្តក្នុងការហៅលោក ស៊ី ជិនពីងជាមិត្តវិញផងដែរ ពីព្រោះលោក ស៊ី គឺជាមនុស្សម្នាក់ដែលបានធ្វើកិច្ចការងារជាច្រើន ដើម្បីអភិវឌ្ឍទំនាក់ទំនងរុស្ស៉ី-ចិន។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក ពូទីន បានចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS រៀបចំឡើងក្នុងប្រទេសអាហ្វ្រិកខាងត្បូង តាមប្រព័ន្ធអនឡាញ ដោយបញ្ជូនរដ្ឋមន្ត្រីការបរទេសរុស្ស៉ី ឱ្យចូលរួមកិច្ចប្រជុំជំនួសរូបលោក ខណៈរូបលោកផ្ទាល់កំពុងប្រឈមមុខនឹងដីកាចាប់ខ្លួនចេញដោយតុលាការ ព្រហហ្មទណ្ឌអន្តរជាតិ ICC ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន៕