(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញានេះបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលគ្រូសជាច្រើនគ្រាប់ ឆ្ពោះទៅកាន់សមុទ្រនៃឆ្នេរភាគខាងលិចឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការធ្វើតេស្ដបាញ់មីស៊ីលខាងលើ កើតមានឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ២គ្រាប់ ក្នុងការធ្វើសមយុទ្ធយោធាហាត់សមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរវាង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលទីក្រុងព្យុងយ៉ាងចោទថាជាការត្រៀមលក្ខណៈធ្វើសង្រ្គាមប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «មីស៊ីលគ្រូសដែលមិនទាន់ត្រូវបាន កំណត់ចំនួនជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញនៅម៉ោងប្រហែល ៤ព្រឹកព្រលឹម ឆ្ពោះទៅកាន់សមុទ្រលឿន។ យើងបានបង្កើនការតាមដាន និងឃ្លាំមើល ព្រមទាំងប្រុងជើងការជានិច្ច ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចទៅកាន់ទីបញ្ជាការហ្វឹកហ្វឺនមួយ នៃយោធាកូរ៉េខាងជើង ជាទីដែលលោកបានបង្ហើបពីផែនការសង្រ្គាមនៅពេលអនាគត ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធហាត់សម វាយប្រហារលើមូលដ្ឋានយោធាសំខាន់ៗ នៅលើទឹកដីកូរ៉េខាងត្បូង៕