(កៀវ)៖ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន កាន់តែបង្ហាញឱ្យគេឃើញថាកងទ័ពអ៊ុយក្រែនប្រហែលជាមិនអាចបណ្ដេញកងទ័ពរុស្ស៉ីទាំងអស់ឱ្យចេញពី ទឹកដីរបស់ខ្លួនបាននោះទេ រីឯរុស្ស៉ីវិញក៏នឹងមិនអាចទទួលបានជោគជ័យក្នុងការវាយដណ្ដើមយកទឹកដីអ៊ុយក្រែនបន្ថែមនោះដែរ។ ចុះបើដូច្នេះ ក្រៅតែមហន្តរាយ មនុស្សជាតិដែលគេមិនអាចប៉ាន់ស្មានបាន ថាតើនឹងមានអ្វីកើតឡើងនៅពេលអនាគត។

ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រុមអ្នកវិភាគមួយចំនួនបានយកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មកប្រៀបធៀបពីរបៀបដែលសង្រ្គាម អ៊ុយក្រែននឹងត្រូវបិទបញ្ចប់ និងអនាគតរបស់អ៊ុយក្រែន។ ក្នុងនោះមានអ្នកខ្លះថាអ៊ុយក្រែនអាចនឹងមានគំរូដូចអាល្លឺម៉ង់ខាងលិច អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ឬអាចដូចជាអ៉ីស្រាអែលអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងខ្លះទៀតថាអាចមានអនាគតដូចឧបទ្វីបកូរ៉េអំឡុងទសវត្សរ៍ឆ្នាំ១៩៥០។ សម្រាប់អ្នកលើកយកករណី អាល្លឺម៉ង់ខាងលិច គឺពួកគេយល់ថា NATO គួរតែបញ្ចូលទឹកដីដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ទៅក្នុងបក្សសម្ព័ន្ធយោធាមួយនេះឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកំញើញរុស្ស៉ីកុំឱ្យដណ្ដើមយកទឹកដីអ៊ុយក្រែនបន្ថែម និងបើកផ្លូវឱ្យអ៊ុយក្រែនកសាងប្រទេសខ្លួនឯងឱ្យកា្លយជាប្រទេស ប្រជាធិបតេយ្យរុងរឿងមួយ ដូចជាអាល្លឺម៉ង់ខាងលិចអំឡុងសម័យសង្រ្គាមត្រជាក់។

ចំណែក អ្នកដែលចង់ឱ្យអ៊ុយក្រែនខ្លាំងដូចអ៉ីស្រាអែលវិញ យល់ថាដោយសារតែការធានាសន្តិសុខ និងជំនួយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសហរដ្ឋអាមេរិក កងទ័ពអ៉ីស្រាអែលបានក្លាយជាកងទ័ពមួយដ៏ខ្លាំក្លាអាចការពារខ្លួនឯងបាន។ ដូច្នេះការផ្ដល់ឱ្យអ៊ុយក្រែននូវការធានាសន្តិសុខទ្វេភាគី លុយ និងអាវុធ វានឹងធ្វើឱ្យ រុស្ស៉ីយល់ថាខ្លួននឹងមិនអាចយកឈ្នះលើអ៊ុយក្រែនបានឡើយ ទោះបីជាអ៊ុយក្រែនមិនមែនជាសមាជិក NATO ក៏ដោយ។ ចុងក្រោយគេ គឺគំរូឧបទ្វីបកូរ៉េសម្រាប់ អ៊ុយក្រែន។ សម្រាប់ក្រុមអ្នកយល់ថាគំរូមួយនេះអាចទៅរួច ក៏ដោយសារតែពួកគេមើលឃើញថាក្នុងស្ថានភាពសព្វថ្ងៃ ទាំងរុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែមិនអាចរក បានជ័យជម្នះធំដុំបន្ថែមឡើយ ហើយដរាបណាប្រទេសទាំង២នៅតែបន្តបដិសេធកិច្ចចរចា នោះមនុស្សស្លាប់នឹងមានកាន់តែច្រើន ហើយការឈឺចាប់នៅតែបន្ត ខណៈមិនមានការប្រែប្រួលនៅលើសមរភូមិនោះទេ។ ក្នុងសង្រ្គាមឆ្នាំ១៩៥៣ ការវាយប្រយុទ្ធគ្នានៅតែកើតឡើង រីឯការចរចាក៏ធ្វើឡើងក្នុងពេលដំណាលគ្នាដែរ រហូតដល់សម្រេចបានបទឈប់បាញ់។ ជាការពិត សង្រ្គាមកូរ៉េបានបិទបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពផ្លូវការណាមួយឡើយដែល នេះមានន័យថាជាលក្ខណៈបច្ចេកទេស កូរ៉េខាងត្បូង​ និងកូរ៉េខាងជើងនៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមមកទល់នឹងបច្ចុប្បន្ន។ តែទោះវាជាបទឈប់បាញ់ក៏ពិតមែន យ៉ាងហោចណាស់ គេក៏មិនបានឮស្នូរគ្រាប់កាំភ្លើង និងការកាប់សម្លាប់គ្នានោះដែរ។

នៅត្រង់គំរូឧបទ្វីបកូរ៉េ លោក Andreas Kluth ជាអ្នកជំនាញម្នាក់មកពីសារព័ត៌មាន Bloomberg ខាងការទូត សន្តិសុខជាតិ និងភូមិសាស្ត្រនយោបាយ យល់ថា អាចទៅរួចសម្រាប់អ៊ុយក្រែន។ បើតាមលោក Andreas Kluth បញ្ហាធំដែលអ៊ុយក្រែនមិនអាចដូចអាល្លឺម៉ង់ខាងលិច នោះគឺបញ្ហាទឹកដី។ នៅសម័យសង្រ្គាមត្រជាក់ អាល្លឺម៉ងខាងលិចគឺជាប្រទេសថ្មីមួយដែលមានព្រំដែនកំណត់ច្បាស់លាស់ និងត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង រួមទាំងសូវៀតផងដែរ។ ក្នុងពេលនោះដែរ ការទទួលយកអាល្លឺម៉ង់ខាងលិចជាសមាជិក NATO ធ្វើឡើងដោយមិនមានសង្រ្គាម ឬការវាយប្រយុទ្ធគ្នានោះទេ ហើយអធិការបតីអាល្លឺម៉ង់ ខាងលិច លោក កុនរ៉ាដ អាដេណាវអឺ (Konrad Adenauer) បានទទួលស្គាល់ថាអាល្លឺម៉ង់បានបែកបាក់គ្នាដោយមិនអាចកំណត់ពេលវេលា ដើម្បីអាចចូលជា សមាជិក NATO។ ករណីអាល្លឺម៉ង់ខាងលិច គឺខុសគ្នាពីអ៊ុយក្រែនស្រឡះ។ ដោយសង្រ្គាមកំពុងកើតឡើង ម្លោះហើយបើ NATO ទទួលយកអ៊ុយក្រែនជាសមាជិក ទាំងដែលព្រំដែនអ៊ុយក្រែនសព្វថ្ងៃមិនទាន់បានកំណត់ច្បាស់លាស់ នោះវាអាចនឹងអូសបក្សសម្ព័ន្ធយោធាមួយនេះផ្ទុះសង្រ្គាមជាមួយរុស្ស៉ី ដែលអាចនឹងផ្ទុះទៅជា សង្រ្គាមលោកលើកទី៣ ឬសង្រ្គាមនុយក្លេអ៊ែរ។

ជាឧទាហរណ៍ករណីទីក្រុងបាមូត។ បើពេលនោះ NATO ទទួលយកអ៊ុយក្រែនជាសមាជិក ម្ល៉េះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ីប្រហែលជាផ្ទុះឡើងបាត់ទៅហើយ។ ដ្បិត មាត្រា៥របស់បក្សសម្ព័ន្ធយោធាមួយនេះបានចែងថាការវាយប្រហារលើប្រទេស ជាសមាជិកណាមួយ គឺស្មើនឹងការវាយប្រហារលើ NATO​ ទាំងមូល។ ណាមួយ ទាំងលោក ហ្សេលេនស្គី និងថ្នាក់ដឹកនាំអ៊ុយក្រែន បានប្រកាន់ជំហរថាពួកគេនឹងមិនបញ្ឈប់សង្រ្គាម ជាថ្នូរនឹងការធ្វើសម្បទានទឹកដីនោះទេ។

ដោយឡែក ករណីអ៉ីស្រាអែលវិញក៏ទំនងជាមិនអាចទៅរួចដែរ ពីព្រោះថាសហរដ្ឋអាមេរិកបានផ្ដល់ការធានាសន្តិសុខ នៅពេលដែលអ៉ីស្រាអែលបានទទួលជ័យជម្នះ លើបណ្ដាប្រទេសអារ៉ាប់ប៉ុណ្ណោះ។ មួយវិញទៀត គេក៏ត្រូវយល់ដែរថាប្រទេសអារ៉ាប់ ជាសត្រូវរបស់អ៉ីស្រាអែលសុទ្ធតែខ្សោយជាងអ៉ីស្រាអែលទាំងអស់ ហើយនេះ មិនទាន់រាប់បញ្ចូលអាវុធនុយក្លេអ៊ែរដែលអ៉ីស្រាអែលមាននៅក្នុងដៃផង។ ប៉ុន្តែ សត្រូវរបស់អ៊ុយក្រែនវិញ គឺជារុស្ស៉ីមានអាវុធនុយក្លេអ៊ែរជាង ៦,០០០គ្រាប់។

ដូច្នេះសម្រាប់លោក កុនរ៉ាដ អាដេណាវអឺ សេណារីយ៉ូឧបទ្វីបកូរ៉េ គឺវាស័ក្តិសមសម្រាប់សេណារីយ៉ូសង្រ្គាមនៅអ៊ុយក្រែន ជាជាងសេណារីយ៉ាងទាំង២ បើទោះជា វាមិនមានភាពឥតខ្ចោះក៏ដោយ។ អំឡុងសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានឈរនៅខាងកូរ៉េខាងជើង ខណៈក្រុមចម្រុះ អន្តរជាតិមួយដឹកនាំដោយសហរដ្ឋអាមេរិក គាំទ្រកូរ៉េខាងត្បូង។ ក្នុងសង្រ្គាមនៅពាក់កណ្ដាលឆ្នាំ១៩៥០ វាមានលខក្ខណៈស្រដៀងគ្នាទៅនឹងសង្រ្គាមអ៊ុយក្រែន សព្វថ្ងៃនេះដែរ នោះគឺសង្រ្គាមជាប់គាំងគ្មានអ្នកឈ្នះពិតប្រាកដ មានតែការបង្ហូរឈាមដាក់គ្នា។ គិតត្រឹមពេលនោះសហរដ្ឋអាមេរិក និងរុស្ស៉ីសុទ្ធតែមាន អាវុធនុយក្លេអ៊ែរនៅក្នុងដៃ ហើយមហាអំណាចទាំង២ក៏មិនបានត្រៀមលក្ខណៈរួចរាល់សម្រាប់កិច្ចចរចានោះដែរ។ ទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំង បានចាប់ អារម្មណ៍លើកិច្ចចរចា តែអតីតមេដឹកនាំសូវៀត ស្ដាលីន មិនព្រមដកថយមួយជំហានឡើយ។ ចំណែក នៅខាងសហរដ្ឋអាមេរិកវិញ អតីតប្រធានាធិបតី លោក Harry Truman និងអតីតប្រធានាធិបតីបន្ទាប់គឺលោក Dwight Eisenhower មានការព្រួយបារម្ភយ៉ាងខ្លាំងពីនយោបាយនៅក្នុងស្រុក និងចង់យកសង្រ្គាមកូរ៉េ ដើម្បីកម្ចាត់ឥទ្ធិពលកុម្មុយនិស្ដ។ ប៉ុន្តែ កូរ៉េខាងត្បូងបានស្វែងរកផលប្រយោជន៍ដោយខ្លួនឯង ដែលនេះមិនស៊ីគ្នាទៅនឹងគោលបំណងរបស់សហរដ្ឋអាមេរិក។

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Syngman Rhee បានសម្លឹងឃើញឧបទ្វីបកូរ៉េទាំងមូល និងបានធ្វើឱ្យសហរដ្ឋអាមេរិកភ្ញាក់ផ្អើលជាខ្លាំងជាមួយការផ្លាស់ ប្ដូរគោលជំហរភ្លាមៗ ក្នុងនោះរួមមានទាំងដោះលែងអ្នកទោសទ្រង់ទ្រាយធំជាដើម។ បន្ទាប់ពីនោះមក កិច្ចចរចាបានចាប់ផ្ដើមបណ្ដើរៗ ហើយការកាប់សម្លាប់គ្នា នៅតែបន្ត។ ក្នុងមេរៀនកូរ៉េនេះ បើតាមអ្នកប្រវត្តិសាស្ត្រសង្រ្គាម លោក Carter Malkasian អ្វីដែលគេអាចរៀនបាននោះគឺ «អ្នកត្រូវតែត្រៀមលក្ខណៈសម្រាប់ ការចរចាផង និងប្រយុទ្ធផងក្នុងពេលដំណាលគ្នា»។ ក្រោយការស្លាប់របស់ស្ដាលីន ក្នុងខែមីនា ឆ្នាំ១៩៥៣ ទើបបទឈប់បាញ់មួយត្រូវបានធ្វើឡើង។ ពិតណាស់ ថាបទឈប់បាញ់នេះមិនមែនជាលទ្ធផលដែលមនុស្សគ្រប់គ្នាពេញចិត្ត តែយ៉ាងហោចណាស់គេក៏មិនបានឮស្នូរគ្រាប់កាំភ្លើង និងការកាប់សម្លាប់គ្នានោះដែរ ហើយ អ្វីដែលគេបានឃើញ គឺកូរ៉េខាងត្បូងបានក្លាយជាប្រទេសប្រជាធិបតេយ្យមួយដ៏រុងរឿង៕