(ប៉េកាំង)៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃទី ១ ខែកញ្ញាថា៖ តបតាមសេចក្តីអញ្ជើញរបស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលជាប្រទេសប្រធានតាមវេនអាស៊ាន ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិននឹងអញ្ជើញទៅក្រុងហ្សាហ្កាដា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំចិន-អាស៊ាន(10+1) លើកទី ២៦, កិច្ចប្រជុំមេដឹកនាំអាស៊ាន-ចិន-ជប៉ុន-កូរ៉េខាងត្បូង (10+3) លោកទី ២៦, និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)លើកទី ១៨ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌូណេស៊ី។

ពេលឆ្លើយសំណួរពាក់ព័ន្ធក្នុងសន្និសីទកាសែតជាប្រចាំថ្ងៃទី ១ ខែកញ្ញា លោក Wang Wenbin បានថ្លែងថា សភាពការណ៍អន្តរជាតិនិងក្នុងតំបន់នាពេលបច្ចុប្បន្នមានភាពស្មុគស្មាញ កត្តាមិនប្រាកដប្រជានិងអស្ថិរភាពបានកើនឡើង។ ក្នុងតំបន់អាស៊ីបូព៌ាសភាពការណ៍ទូទៅបានរក្សាស្ថរិភាពនិងវឌ្ឍនភាព បំណងប្រាថ្នាដែលចង់មានសន្តិភាពនិងការរីកចម្រើន នៃប្រទេសក្នុងតំបន់កាន់តែខ្លាំងឡើងៗ។ ភាគីចិនគាំទ្រប្រធានបទនៃកិច្ចប្រជុំមេដឹកនាំ សហប្រតិបត្តិការអាស៊ីបូព៌ាឆ្នាំនេះគឺ «អាស៊ានមានសារៈសំខាន់ ៖ បង្កើតមជ្ឈដ្ឋានកំណើនសេដ្ឋកិច្ច»។ រំពឹងថាកិច្ចប្រជុំជំរុញសាមគ្គីភាព ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងផ្តោតលើការអភិវឌ្ឍ ដើម្បីបញ្ចូលកម្លាំងចលករនិងភាពប្រាកដប្រជា កាន់តែច្រើនក្នុងស្ថានភាពតំបន់និងអន្តរជាតិ។

លោក Wang Wenbin បានធ្វើអធិប្បាយពីសេចក្តីរំពេងទុករបស់ភាគីចិន ៤ ចំណុចចំពោះកិច្ចប្រជុំគឺ៖ ១ បង្កើនកិច្ចសហប្រតិបត្តិការគ្រប់វិស័យទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្មងើបឡើងថ្មីជាដើម។ ២ ពន្លឿនការស្តារការផ្លាស់ប្តូរបុគ្គលឹកឡើងវិញ។ ៣ ជំរុញដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ គាំពារភាពរលូននៃខ្សែសង្វាក់ផលិតនិងផ្គត់ផ្គង់ក្នុងតំបន់ ដើម្បីកសាងសេដ្ឋកិច្ចតំបន់បើកទូលាយ។ ៤ គាំពារក្របខណ្ឌសហប្រតិបត្តិការក្នុងតំបន់ដែលចាត់ទុកអាស៊ានជាស្នូល បែបបើកទូលាយនិងមាននិម្មាបនកម្ម ប្រកាន់ខ្ជាប់ពហុភាគីនិយមដ៏ពិតប្រាកដ ប្រឆាំងនឹងការបំបែកបំបាក់ជាក្រុម ដែលបំផ្លាញសន្តិភាពនិងស្ថិរភាពតំបន់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន