(ប៉េកាំង)៖ ថ្ងៃទី ៣១ ខែសីហា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Park Jin រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងតាមការណាត់។

លោក Wang Yi បានថ្លែងថា ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងមិនត្រូវរងភាពប៉ះពាល់ពីភាគីទីបីនោះទេ។ ចិននិងកូរ៉េខាងត្បូងត្រូវប្រកាន់ខ្ជាប់ទិសដៅត្រឹមត្រូវ នៃការធ្វើកិច្ចសហប្រតិបត្តិការមេត្រីភាព បង្ការការរំខានពីកត្តាខាងក្រៅ រួមគ្នាជំរុញទំនាក់ទំនងប្រទេសទាំងពីរ ឈានទៅដល់ទីកាន់តែឆ្ងាយ។ សេដ្ឋកិច្ចចិនមានសក្តានុពលអភិវឌ្ឍន៍ខ្លាំង ទំហំទីផ្សារចិនធំណាស់ ។ សង្ឃឹមថាភាគីកូរ៉េខាងត្បូងនឹងបង្កើនភាពម្ចាស់ការខាងយុទ្ធសាស្ត្រ ទប់ទល់រាល់ទង្វើដែលបញ្ច្រាស់នឹងសកលភាវូបនីយកម្ម និងការកាត់ផ្តាច់ទំនាក់ទំនងផ្គត់ផ្គង់ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ ក្នុងគ្រប់វិស័យរវាងគ្នានិងគ្នាកាន់តែស៊ីជម្រៅ។

ជាការឆ្លើយតប លោក Park Jin បានថ្លែងថា ជូនពរការប្រកួតកីឡាអាស៊ីលើកទី១៩ ដែលជិតនឹងសម្ពោធបើកនៅក្រុង Hangzhou ប្រទេសចិនឱ្យទទួលបានជោគជ័យ។ ភាគីកូរ៉េខាងត្បូងរំពឹងខ្លាំងលើ ការបង្កើនការទាក់ទងរវាងថ្នាក់កំពូល ការសន្ទនា និងការផ្លាស់ប្តូរមតិជាមួយចិន ដោយគ្មានបំណងសំដៅលើបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងការផលិតផ្តាច់ទំនាក់ទំនងជាមួយ ប្រទេសជាគោលដៅណាមួយនោះទេ។ អ្វីដែលអះអាងថា “លុបចោលកត្តាប្រទេសចិន ” មិនអាចធ្វើបាន និងជាការទទួលយកពុំបាន។ ភាគីកូរ៉េខាងត្បូងមានឆន្ទៈរួមជាមួយភាគីចិន បន្តឱ្យកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាកាន់តែស៊ីជម្រៅ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិផងដែរ អំពីបញ្ហាដែលជប៉ុនបានបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលក្នុងសមុទ្រ និងបញ្ហាឧបទ្ទីបកូរ៉េជាដើម៕

អត្ថបទ និងរូបដោយវិទ្យុមិត្តភាពកម្ពុជាចិន