(ហ្សាការតា)៖ ប្រមុខការពារជាតិឥណ្ឌូណេស៉ី បានបដិសេធចេញសេចក្តីថ្លែងការណ៍រួមជាមួយសមភាគីអាមេរិក អំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន កាលពីសប្តាហ៍មុន បន្ទាប់ពីមន្ទីរបញ្ចកោណផ្សព្វផ្សាយ នូវសេចក្តីប្រកាសព័ត៌មានរួមមួយ ដែលសន្មត់ថា ទីក្រុងហ្សាការតាបានរិះគន់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។
មន្ទីរបញ្ចកោណ កាលពីថ្ងៃទី២៤ ខែសីហា បានអះអាងថា សហរដ្ឋអាមេរិក និងឥណ្ឌូណេស៉ី មានការយល់ឃើញដូចគ្នាលើការទាមទារអធិបតេយ្យរបស់ចិន នៅតំបន់សមុទ្រចិនខាងត្បូង គឺមិនស្របនឹងច្បាប់អន្តរជាតិ ហើយថ្កោលទោសសង្រ្គាមឈ្លានពាន របស់រុស្ស៉ីនៅអ៊ុយក្រែន។
លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) បានប្រាប់អ្នកសារព័ត៌មានថា សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក មិនបានឆ្លុះបញ្ចាំង ពីគោលជំហររបស់ឥណ្ឌូណេស៉ីនោះទេ ហើយទីក្រុងហ្សាការតា កំពុងស្វែងរកការពង្រឹងទំនាក់ទំនងមិត្តភាព ជាមួយរុស្ស៉ី និងចិន។ លោក ស៊ូបៀនតូ បានបញ្ជាក់ថា «យើងជាមិត្តជិតស្និទ្ធជាមួយចិន យើងគោរពអាមេរិក ហើយយើងស្វែងរកមិត្តភាពជាមួយរុស្ស៉ី»។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី ក៏បានប្រកាសពីផែនការទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង និងទីក្រុងមូស្គូ នៅប៉ុន្មានខែខាងមុខ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទីក្រុងហ្សាការតា អាចដើរតួនាទីជា «ស្ពានតភ្ជាប់ទំនាក់ទំនង» រវាងប្រទេសនានា៕