(បាងកក)៖ នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃ បានប្រកាសឱ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន បានសម្រេចព្រះទ័យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពី៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។
ការព្រះរាជទានបន្ធូរបន្ថយទោសខាងលើកើតមានឡើង បន្ទាប់ពីអតីតមេដឹកនាំថៃវ័យ៧៤ឆ្នាំរូបនេះ បានដាក់សំណើជាផ្លូវការ ដើម្បីស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ កាលពីថ្ងៃព្រហស្បតិ៍។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា លោកអតីតនាយករដ្ឋមន្រ្តីថៃ បានទទួលយកបទឧក្រិដ្ឋរបស់លោក ហើយរូបលោកបានបង្ហាញ ការសោកស្តាយជាខ្លាំង។ សេចក្តីថ្លែងការណ៍ដដែល ក៏បានលើកឡើងថា លោក ថាក់ស៉ីន កំពុងឈឺថ្កាត់ផងដែរ។
គួរបញ្ជាក់ថា លោក ថាក់ស៉ីន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ សម្រាប់បទល្មើសរំលោភអំណាច និងទំនាស់ផលប្រយោជន៍ បន្ទាប់ពីរូបលោកបានវិលត្រឡប់មកកាន់ប្រទេសថៃវិញ កាលពីសប្តាហ៍មុន ក្រោយការរស់នៅនិរទេសខ្លួន អស់រយៈពេល១៥ឆ្នាំ។ លោក ថាក់ស៉ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីចន្លោះឆ្នាំ២០០១-២០០៦។
ភ្លាមៗក្រោយមកដល់ព្រលានយន្តហោះ កាលពីថ្ងៃទី២២ ខែសីហា និងជួបជុំគ្រួសារបានមួយរយៈពេលខ្លី លោក ថាក់ស៉ីន ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការ ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារតែម្តង។ យ៉ាងណាមិញ យប់ថ្ងៃដដែលនោះ រូបលោកត្រូវបានបញ្ជូនចេញទៅកាន់មន្ទីរពេទ្យប៉ូលិសមួយកន្លែង ដោយសារបញ្ហាសុខភាព៕