(អូស្លូ)៖ ក្រសួងការបរទេសន័រវែស បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ន័រវែស សម្រេចចិត្តបិទស្ថានទូតរបស់ខ្លួនប្រចាំប្រទេសម៉ាលី នៅចុងឆ្នាំ ២០២៣នេះ ដោយសារតែស្ថានភាពសន្តិសុខ ក្នុងប្រទេសអាហ្រ្វិកខាលិចមួយនេះកាន់តែយ៉ាប់យ៉ឺន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។

ការសម្រេចចិត្តរបស់ន័រវែស ក្នុងការបិទស្ថានទូតនៅទីក្រុងបាម៉ាកូ (Bamako) ធ្វើឡើងក្រោយពីមានកិច្ចព្រមព្រៀង របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអង្គការសហប្រជាតិ (UN) ដើម្បីបិទបញ្ចប់បេសកកម្មរក្សាសន្តិភាពរយៈពេល ១ទស្សវត្សរ៍ នៅប្រទេសម៉ាលី ដែលគេស្គាល់ថា MINUSMA។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសន័រវែស បានបញ្ជាក់ដោយផ្អែកលើការបិទបញ្ចប់ MINUSMA ថា «វានឹងមានផលវិបាកផ្នែកសន្តិសុខសម្រាប់ន័រវែស និងបេសកកម្មការទូតផ្សេងទៀត ក៏ដូចជាអង្គការអន្តរជាតិនៅក្នុងប្រទេសម៉ាលី»

គួរបញ្ជាក់ថា បេសកកម្មដែលមានកម្លាំង ១៣,០០០នាក់ ត្រូវបានដាក់ពង្រាយដោយក្រុមប្រឹក្សាសន្តិសុខ UN កាលពីឆ្នាំ ២០១៣ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្ដារស្ថិរភាពក្នុងប្រទេសម៉ាលី បន្ទាប់ពីក្រុមបះបោរ និងក្រុមបំបែកខ្លួនមានទំនាក់ទំនង ជាមួយក្រុមអាល់កៃដា បានកាន់កាប់ផ្នែកខ្លះនៃវាលខ្សាច់ភាគខាងជើងប្រទេស នៅក្នុងឆ្នាំ ២០១២។ ប៉ុន្តែ ក្រោយរដ្ឋប្រហារដណ្តើមអំណាច កាលពីខែកក្កដា របបយោធាម៉ាលី បានស្នើឲ្យកម្លាំងទាំងអស់ចាកចេញពីប្រទេសរបស់ខ្លួន៕