(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង (Li Qiang) នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវប្រារព្ធឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។
លោក វ៉ាង វិនពីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយយ៉ាងដូច្នេះថា «តបការអញ្ជើញពីសំណាក់លោក ចូកូ វីដូដូ ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៉ី ដែលបច្ចុប្បន្នជាប្រធានប្តូរវេនរបស់អាស៊ាន នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងទៅចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី២៦, កិច្ចប្រជុំកំពូលអាស៊ាន-បូកបី លើកទី២៦ និងកិច្ចប្រជុំកំពូលអាស៉ីខាងកើត លើកទី១៨ ដែលត្រូវប្រារព្ធឡើងនៅទីក្រុងហ្សាការតា ហើយបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឥណ្ឌូណេស៉ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា»។
គួរបញ្ជាក់ថា សេចក្តីប្រកាសខាងលើធ្វើឡើង ចំពេលមានសេចក្តីរាយការណ៍ព័ត៌មានថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ទំនងជានឹងមិនបានចូលរួមកិច្ចប្រជុំកំពូល G20 ដែលត្រូវប្រារព្ធឡើង នៅទីក្រុងញូដេលីនៃប្រទេសឥណ្ឌាឡើយ ហើយលោក Li Qiang ត្រូវគេរំពឹងថា នឹងចូលរួមជំនួសដើម្បីតំណាងឱ្យទីក្រុងប៉េកាំង។ កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែកញ្ញា គឺភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៉ី៕