(លីប្រឺវីល)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហភាពអាហ្រ្វិក (AU) បានសម្រេចផ្អាកសមាជិកភាពរបស់ប្រទេសហ្កាបុង គឺមួយថ្ងៃបន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា ទម្លាក់ប្រធានាធិបតីលោក អាលី បុងហ្គោ (Ali Bongo) ហើយវាគឺជាចំណាត់ការដំបូងនៅក្នុងតំបន់ ចំពោះសកម្មភាពរដ្ឋប្រហារនេះ ដែលជារដ្ឋប្រហារទី៨ នៅអាហ្រ្វិកកណ្តាលនិងអាហ្រ្វិកខាងលិច គិតចាប់តាំងពីឆ្នាំ២០២០មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។
រដ្ឋប្រហារយោធាខាងលើ បានបិទបញ្ចប់ការរក្សាអំណាចជិត ៦ទសវត្សរ៍នៃគ្រួសារត្រកូល Bongo នៅប្រទេសហ្កាបុង និងបង្កើតបញ្ហាថ្មីមួយទៀត សម្រាប់តំបន់អាហ្រ្វិក ដែលប៉ុន្មានឆ្នាំមកនេះបានមើលឃើញ នូវការកើតមានរដ្ឋប្រហារយោធាជាបន្តបន្ទាប់ រហូតដល់ថ្នាក់ប្រធានាធិបតីនៃប្រទេសនីហ្សេរីយ៉ា លោក បូឡា ធីនូប៊ូ (Bola Tinubu) ហៅថា «ជំងឺឆ្លងរាលដាលនៃរបបផ្តាច់ការ»។
ដូចទៅនឹងរបបសឹកដទៃទៀតដែរ ដែលបានដណ្តើមអំណាចនៅក្នុងតំបន់ នាពេលកន្លងមកនេះ គឺក្រុមមេដឹកនាំយោធានៅហ្កាបុង កំពុងព្យាយាមពង្រឹងអំណាចរបស់ខ្លួន បើទោះបីជាមានការរិះគន់ថ្កោលទោសពីអន្តរជាតិក៏ដោយ។ លោកឧត្តមសេនីយ៍ ប៊្រីស អូលីហ្គា ហ្កេម៉ា (Brice Oligui Nguema) ដែលជាមេដឹកនាំរដ្ឋប្រហារយោធា និងជាអតីតប្រមុខកងអង្គរក្សប្រធានាធិបតី ត្រូវគេរំពឹងថានឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្កាបុង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខនិងសន្តិភាពរបស់ AU បានចាត់វិធានការឆ្លើយតបដំបូង កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការហាមឃាត់មិនឱ្យហ្កាបុងចូលរួមក្នុងសកម្មភាពនានារបស់សហភាពអាហ្រ្វិក រហូតទាល់តែសណ្តាប់ធ្នាប់តាមរដ្ឋធម្មនុញ្ញ ត្រូវបានស្តារឡើងវិញ។ រីឯសមាគមនយោបាយនៃតំបន់អាហ្រ្វិកកណ្តាល ដែលមានហ្កាបុងជាសមាជិក ក៏បានថ្កោលទោសរដ្ឋប្រហារយោធាផងដែរ និងនិយាយថា ខ្លួនគ្រោងបើកកិច្ចប្រជុំបន្ទាន់មួយ រវាងប្រមុខរដ្ឋនៃបណ្តាប្រទេសជាសមាជិក ដើម្បីកំណត់អំពីមធ្យោបាយឆ្លើយតប ប៉ុន្តែមិនបញ្ជាក់ថា វានឹងប្រព្រឹត្តទៅនៅថ្ងៃណាឱ្យច្បាស់នោះទេ៕