(សិង្ហបុរី)៖ នៅថ្ងៃសុក្រនេះ ប្រជាជនសិង្ហបុរីកំពុងនាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតី ដែលជាលើកដំបូងក្នុងរយៈពេលជិត ១២ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។
ក្រុមអ្នកវិភាគនយោបាយបាននិយាយថា ការបោះឆ្នោតនាថ្ងៃសុក្រនេះ អាចជាសញ្ញាមួយបង្ហាញពីកម្រិតនៃការគាំទ្រចំពោះគណបក្សកាន់អំណាច PAP នៅមុនការបោះឆ្នោតសកល ដែលត្រូវធ្វើឡើងមិនយូរជាង២០២៥ ឬមួយក៏កម្រិតនៃការមិនពេញចិត្តរបស់សាធារណជន ក្រោយពីការផ្ទុះរឿងអាស្រូវនាពេលថ្មីៗកន្លងទៅ ដែលរួមមានទាំងការស៉ើបអង្កេតអំពើពុករលួយលើរដ្ឋមន្រ្តីដឹកជញ្ជូន ហើយនិងការលាលែងពីតំណែងរបស់ សមាជិកសភាមួយចំនួននៃគណបក្ស PAP ដោយសារតែរឿងទំនាក់ទំនងស្នេហា។
បេក្ខជនដែលនាំមុខគេក្នុងការបោះឆ្នោត គឺអតីតឧបនាយករដ្ឋមន្រ្តី លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ (Tharman Shanmugaratnam) វ័យ៦៦ឆ្នាំ ខណៈបេក្ខជន២រូបទៀតរួមមានលោក អិន កុកសុង (Ng Kok Song) អាយុ៧៥ឆ្នាំ ដែលធ្លាប់មានកាន់តំណែងជានាយកផ្នែកវិនិយោគ របស់ក្រុមហ៊ុន GIC ដែលទទួលបន្ទុកគ្រប់គ្រងលើទុនបម្រុងអន្តរជាតិរបស់ប្រទេសសិង្ហបុរី និងមហាសេដ្ឋី លោក តាន់ គីនលៀន (Tan Kin Lian) អាយុ៧៥ឆ្នាំ ជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន NTUC Income ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំមួយរបស់សិង្ហបុរី។ លោក តាន់ ក៏ធ្លាប់ទទួលបរាជ័យក្នុងការប្រជែងតំណែងប្រធានាធិបតី កាលពីឆ្នាំ២០១១ផងដែរ។
ការបោះឆ្នោតខាងលើ គឺដើម្បីជ្រើសរើសអ្នកបន្តតំណែងពី ប្រធានាធិបតីសិង្ហបុរីបច្ចុប្បន្ន គឺលោកស្រី ហាលីម៉ា យ៉ាកូប (Halimah Yacob) ដែលបានជាប់ជាប្រធានាធិបតីដោយស្វ័យប្រវត្តិ កាលពីឆ្នាំ២០១៧ ដោយសារលោកស្រី គឺជាបេក្ខជនតែម្នាក់គត់ ដែលត្រូវបានតែងតាំងឱ្យឈរឈ្មោះ នាពេលនោះ។ អាណត្តិប្រធានាធិបតីសិង្ហបុរីមានរយៈពេល៦ឆ្នាំ និងគ្មានមានការកំណត់ឡើយ ខណៈលោកស្រីបានសម្រេចចិត្តមិនបន្តឈរឈ្មោះ សម្រាប់អាណត្តិថ្មី។ ដោយឡែក ដ្បិតមានប្រធានាធិបតីក៏ដោយ រដ្ឋាភិបាលប្រទេសសិង្ហបុរីស្ថិតនៅក្រោម ការដឹកនាំរបស់នាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នគឺលោក លី សៀនឡុង នៃគណបក្ស PAP ដែលជាបក្សដឹកនាំប្រទេសដែនកោះមួយនេះ ចាប់តាំងតែពីឆ្នាំ១៩៥៩ រហូតមក។
គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតវិញ គឺវាជាកាតព្វកិច្ចសម្រាប់ប្រជាជនដែលមានសិទ្ធិបោះឆ្នោតជាង២.៧លាននាក់ នៅសិង្ហបុរី។ បុគ្គលដែលមិនបានបោះឆ្នោត ដោយមិនមានហេតុផលសមរម្យ គឺប្រឈមហានិភ័យត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត៕