(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិក នឹងបន្តបញ្ជូន ជនអន្តោប្រវេសន៍ហៃទីឲ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ខណៈអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាលក្នុងប្រទេសមួយនេះកាន់តែមាន សភាពអាក្រក់ឡើង រហូតដល់ជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនណែនាំឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសហៃទី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកនាំពាក្យដដែលរូបនោះ បាននិយាយថា «ការបញ្ជូនពលរដ្ឋហៃទីចេញពីព្រំដែនភាគខាងត្បូងរបស់យើង និងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋហៃទីចេញពី តំបន់ឆ្នេរសមុទ្រនៅតែបន្ត ក្រោមចំណាត់ការដោះស្រាយជនចំណាកស្រុករបស់រដ្ឋបាល លោក បៃដិន។ អ្នកដែលត្រូវបានទប់ស្កាត់នៅច្រកសមុទ្រ នឹងត្រូវ បញ្ជូនត្រឡប់ទៅវិញភ្លាមៗ ហើយអ្នកដែលឃើញនៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ គឺត្រូវនិរទេស»

ជើងហោះហើរមួយដឹកជនចំណាកស្រុកហៃទីចំនួន ៦៦នាក់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិមួយ ក្នុងរដ្ឋធានីព័រអ៊ូប្រាំង (Port-au-Prince) នៅព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ខណៈអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្ស បានអំពាវនាវដល់សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដទៃទៀត បញ្ឈប់ចំណាត់ការនេះ ដោយលើកឡើងពីវិបត្តិនៅក្នុងប្រទេសហៃទី។

គួរបញ្ជាក់ថា នៅចន្លោះខែតុលា និងខែកក្កដា អាជ្ញាធរព្រំដែនសហរដ្ឋអាមេរិក បានរកឃើញជនជាតិហៃទីជាង ១២៥,០០០នាក់។ ការិយាល័យតំណាង របស់អង្គការសហប្រជាជាតិប្រចាំប្រទេសហៃទី (BINUH) បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ស្ថានភាពមនុស្សធម៌នៅហៃទីធ្លាក់ចុះកាន់តែខ្លាំង ដោយ មនុស្សប្រហែល ២,៥០០នាក់ត្រូវបានសម្លាប់ និង ៩៧០នាក់ត្រូវគេចាប់ជំរិត តាំងពីខែមករាមក៕