(អៅហ្កាឌូហ្គូ)៖ គណៈប្រតិភូរុស្ស៉ីមួយក្រុម បានជួបប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសបួគីណាហ្វាសូ លោក អ៉ីប្រាហ៉ីម ត្រាអូរ៉េ (Ibrahim Traore) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការយោធា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីបួគីណាហ្វាសូ បានឲ្យដឹងថា ដំណើរទស្សនកិច្ចដែលដឹកនាំដោយអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៉ីលោក យូនូស បេក យ៉េវគូរ៉ូវ (Yunus-Bek Yevkurov) ធ្វើឡើង បន្ទាពីមានកិច្ចពិភាក្សារវាងលោក ត្រាអូរ៉េ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អំឡុងកិច្ចប្រជុំកំពូលរុស្ស៉ី-អាហ្វ្រិក នៅក្នុងទីក្រុងសាំង ភីតធឺស្បឺគ (St. Petersburg) ប្រទេសរុស្ស៉ី កាលពីខែកក្កដា។

កិច្ចប្រជុំ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាចម្បងទាក់ទងនឹងវិស័យយោធា រួមទាំងការបណ្តុះបណ្តាលដល់មន្រ្តីបួគីណាហ្វាសូ នៅគ្រប់កម្រិត រួមទាំងការបណ្ដុះបណ្ដាលពីឡុត នៅក្នុងប្រទេសរុស្ស៉ីផងដែរ។ យ៉ាងនេះក្តី មិនមានការបញ្ជាក់ទេថាតើគ្រូបង្វឹកយោធារុស្ស៉ីនឹងត្រូវបញ្ជូនមក បួគីណាហ្វាសូ ឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរបបដឹកនាំយោធានៃប្រទេសបួគីណាហ្វាសូ ក្នុងតំបន់អាហ្រ្វិកខាងលិច ជាមួយទីក្រុងមូស្គូ កំពុងស្ថិតក្នុងការចាប់អារម្មណ៍ ជាពិសេសចាប់តាំងពីប្រទេសមួយនេះបានបង្ខំឱ្យកងទ័ពបារាំងចាកចេញពីប្រទេសរបស់ខ្លួនកាលពីខែកុម្ភៈកន្លងទៅ និងបង្កឱ្យមានការសន្និដ្ឋានថា បួគីណាហ្វាសូ នឹងពង្រឹងទំនាក់ទំនងកាន់តែជាស៊ីជម្រៅជាមួយរុស្ស៉ី ដូចគ្នាទៅនឹងប្រទេសក្បែរខាងគឺម៉ាលីដែរ ជាទីដែលទាហានស៊ីឈ្នួលរុស្ស៉ី Wagner កំពុងធ្វើប្រតិបត្តិការ៕