(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថារូបលោកផ្ទាល់បានផ្ញើ កញ្ចប់សំណើមួយទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក្នុងគោលបំណងស្ដារកិច្ចព្រមព្រៀងមួយដែល អនុញ្ញាតឱ្យអ៊ុយក្រែនអាចនាំចេញធញ្ញជាតិតាមសមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។

កញ្ចប់សំណើដែលរៀបរាប់នៅក្នុងលិខិតមួយច្បាប់របស់លោក Guterres ធ្វើឡើងនៅមុនកិច្ចប្រជុំមួយរវាងប្រធានាធិបតីរុស្ស៉ី លោក ពូទីន និងប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដោយផ្ដោតជាសំខាន់លើកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិ តាមសមុទ្រខ្មៅ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Guterres បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថាយើងបានលើកឡើងបង្ហាញនូវសំណើមួយ ដែលអាចនឹងក្លាយជាមូលដ្ឋានសម្រាប់ការស្ដារកិច្ចព្រមព្រៀងឡើងវិញ ប៉ុន្តែការស្តារកិច្ចព្រមព្រៀងឡើងវិញត្រូវតែមានស្ថិរភាពជាងមុន»

គួរបញ្ជាក់ថា រុស្ស៉ីបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិតាមសមុទ្រខ្មៅ កាលពីខែកក្កដាកន្លងទៅ មួយឆ្នាំបន្ទាប់ពី កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងក្រោមការសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី។ រុស្ស៉ីអះអាងថាការសម្រេចចិត្តរបស់ខ្លួន គឺដោយសារតែការនាំចេញស្បៀងអាហារ និងជី របស់ខ្លួន បានជួបឧបសគ្គ ដោយសារតែទណ្ឌកម្មលោកខាងលិច។

កិច្ចព្រមព្រៀងនេះគឺមានគោលដៅទប់ស្កាត់វិបត្តិស្បៀងអាហារពិភពលោក ដែលកាន់តែមានសភាពអាក្រក់ឡើងដោយសារតែសង្រ្គាមឈ្លានពាន របស់លោក ពូទីន ប្រឆាំងអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក៕