(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយប្រទេសរបស់លោកអភិវឌ្ឍបាននូវអាវុធថ្មីមួយដែលមានសមត្ថភាពវាយប្រហារ លើគោលដៅស្ថិតនៅចម្ងាយ ៧០០គីឡូម៉ែត្រ ខណៈរុស្ស៉ីបានរាយការណ៍ពីការស្ទាក់បំផ្លាញវត្ថុមិនស្គាល់អត្តសញ្ញាណមួយវាយប្រហារលើតំបន់ស្កូវ (Pskov) នៃភាគខាងលិចប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ «អាវុធថ្មីរបស់ អ៊ុយក្រែន មានសមត្ថភាពវាយប្រហារលើគោលដៅនៅចម្ងាយ ៧០០គីឡូម៉ែត្រ»។ នេះជាការបញ្ជាក់យ៉ាងខ្លីរបស់លោក ហ្សេលេនស្គី ដោយបន្ថែមថា អាវុធថ្មីនេះត្រូវបានផលិតដោយក្រសួងឧស្សាហកម្មយុទ្ធសាស្ត្ររបស់អ៊ុយក្រែន។ តែមិនបានលម្អិតអ្វីបន្ថែមលើសនេះឡើយ។

គួរបញ្ជាក់ថា ការអះអាងរបស់លោក ហ្សេលេនស្គី ពីការផលិតបាននូវអាវុធរយៈចម្ងាយឆ្ងាយថ្មីរបស់អ៊ុយក្រែន កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹង មន្ត្រីរុស្ស៉ីម្នាក់បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានស្ទាក់បំផ្លាញវត្ថុមិនស្គាល់អត្តសញ្ញាណម្យ៉ាង នៅក្នុងតំបន់ស្កូវ (Pskov) នៃភាគខាងលិចប្រទេស ពោលជាតំបន់តែមួយដែលត្រូវបានរាយការណ៍ថារងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន ដោយបណ្ដាលឱ្យ យន្ដហោះយោធាដឹកជញ្ជូន ៤គ្រឿងរងការខូចខាតកាលពីថ្ងៃពុធកន្លងទៅនេះ៕