(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានសន្យាបង្រ្កាបលើមន្ត្រីពុករលួយគ្រប់ប្រភេទទាំងអស់ នៅពេលត្រូវបានសាកសួរពីការរុះរើតំណែងមេបញ្ជាការជាន់ ខ្ពស់នៃកងកម្លាំងរ៉ុក្កែតចិន និងថាតើអតីតរដ្ឋមន្ត្រីការពារជាតិ លោក វៃ ហ្វឹងហឺ (Wei Fenghe) ដែលបានបាត់មុខអស់ជាច្រើនខែមកនេះកំពុងស្ថិត នៅទីណា។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃព្រហស្បតិ៍សបា្ដហ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ ជៀន (Wu Qian) បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងស៊ើបអង្កេតលើគ្រប់ករណី ហើយនឹងបង្ក្រាបលើមន្ត្រីពុករលួយគ្រប់ប្រភេទទាំងអស់»។ លោកបន្ថែមថាយោធាចិន ត្រូវបានគ្រប់គ្រងអនុលោមទៅតាមច្បាប់ ដូច្នេះគ្មានឡើយការលើកលែងចំពោះអំពើពុករលួយ។

គួរបញ្ជាក់ថា នេះគឺជាលើកទីមួយ ហើយដែលក្រសួងការពារជាតិនិយាយជាសាធារណៈពីការស៊ើបអង្កេតលើអំពើពុករលួយនៅក្នុងចំណោមថ្នាក់ដឹកនាំ យោធាចិន បន្ទាប់ពីការរុះរើតំណែងមេបញ្ជាការយោធាជាន់ខ្ពស់នៃកងកម្លាំងរ៉ុក្កែតចិន ដែលគ្រប់គ្រងឃ្លាំងអាវុធ និងមីស៊ីលនុយក្លេអ៊ែររបស់ចិន កាលពី ខែកក្កដាកន្លងទៅ៕