(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រាប់ឱ្យអ្នកដែលរិះគន់លើល្បឿនយឺតយ៉ាវនៃប្រតិបត្តិការវាយបករបស់ខ្លួនអស់រយៈពេលជាង ៣ខែមកនេះ «បិទមាត់» ជាការបង្ហាញការខកចិត្តចំពោះព័ត៌មានដែលក្រុមមន្ត្រីលោកខាងលិចមួយចំនួនបាននិយាយថាកងកម្លាំងអ៊ុយក្រែន កំពុង វាយរុលទៅមុខក្នុងល្បឿនយឺតជាងការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។

ចាប់តាំងពីបានបើកប្រតិបត្តិការវាយបកដោយប្រើប្រាស់បរិក្ខារយោធាផ្ដល់ដោយលោកខាងលិចគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ អ៊ុយក្រែនបាន វាយដណ្ដើមមកវិញនូវភូមិជាច្រើន តែមិនទាន់អាចវាយទម្លុះ ឬបំបែកខ្សែការពារសំខាន់ៗរបស់រុស្ស៉ី នៅឡើយទេ។ ផ្ទុយទៅវិញ កាសែតអាមេរិកធំៗ ដូចជា New York Times និង Washington Post​ ជាដើម បានដកស្រង់សម្ដីពីក្រុមមន្ត្រីអាមេរិក និងលោកខាងលិចដែលបានលើកឡើងថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន មានភាពយឺតយ៉ាវជាងការរំពឹងទុក។ ក្នុងចំណោមក្រុមមន្ត្រីទាំងនេះ ក៏មានអ្នកខ្លះបន្ទោសទៀតផងថា ភាពយឺតយ៉ាវ នេះគឺជាកំហុសយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងការប្រមូលផ្ដុំ និងដាក់ពង្រាយកងទ័ពទៅកាន់កន្លែងខុស។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហាដូច្នេះថា «ក្រុមអ្នកដែលរិះគន់លើល្បឿនយឺតយ៉ាវនៃប្រតិបត្តិការវាយបក...វាប្រៀបដូចជាការស្ដោះទឹកមាត់ដាក់មុខទាហានអ៊ុយក្រែន ដែលបានពលីជីវិតរបស់ពួកគេជាងរៀងរាល់ថ្ងៃ និងកំពុងឆ្ពោះទៅមុខ ក៏ដូចជារំដោះបានទឹកដីអ៊ុយក្រែនម្តងមួយគីឡូម៉ែត្រៗ។ ខ្ញុំសូមឱ្យអ្នករិះគន់ បិទមាត់ ហើយធ្វើដំណើរមកកាន់អ៊ុយក្រែន និងសាកល្បងរំដោះឱ្យបានទឹកដីមួយម៉ែត្រក្រឡាដោយខ្លួនឯង»

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន រួមទាំងមន្ត្រីជាន់ខ្ពស់រុស្ស៉ីដទៃទៀតបាននិយាយថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន បានទទួល បរាជ័យរួចទៅហើយ។ ប៉ុន្តែ ក្រុមមេបញ្ជាការអ៊ុយក្រែន បានអះអាងថាកងកម្លាំងរបស់ខ្លួនកំពុងវាយរុលទៅមុខសន្សឹមៗ ដើម្បីធ្វើឱ្យភស្តុភារ និងខ្សែការពាររុស្ស៉ី ចុះទន់ខ្សោយ​ សំដៅកាត់បន្ថយការខាតបង់ធ្ងន់ធ្ងរ មុននឹងពួកគេបើកការវាយលុកពេញទំហឹង៕