(សូម៉ា)៖ បេសកជនអាមេរិកប្រចាំប្រទេសជប៉ុន បានបរិភោគត្រីឆៅពីទីក្រុងហ្វូគូស៊ីម៉ានៅថ្ងៃព្រហស្បតិ៍ (៣១ សីហា) នេះ ដោយនិយាយថា ទឹកដែលបង្ហូរចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា គឺមានសុវត្ថិភាពជាង «ទឹកដែលបង្ហូរចោល» ដោយរោងចក្រនុយក្លេអ៊ែររបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

ឯកអគ្គរដ្ឋទូត Rahm Emanuel បាននិយាយក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយរលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរឆ្នាំ ២០១១ ដូច្នេះថា «អស់រយៈពេលមួយទសវត្សរ៍មកនេះ ប្រទេសជប៉ុនបានធ្វើរឿងត្រឹមត្រូវតាមរបៀបត្រឹមត្រូវ។ ជាមួយនឹងភាពម៉ត់ចត់ផ្នែកវិទ្យាសាស្ត្រអន្តរជាតិ តម្លាភាពពេញលេញ និងការអញ្ជើញសហគមន៍អន្តរជាតិឱ្យតាមដានវឌ្ឍនភាពរបស់ពួកគេក្នុងការបន្សុទ្ធទឹក»

លោក​បាន​បន្ត​ថា​ «​ទឹក​នៅ​តំបន់​នេះ​មាន​សុវត្ថិភាព​ជាង​ទឹក ​ដែលរោងចក្រទាំងបួនរបស់ចិនដែលបានបង្ហូរវាចូលក្នុងទឹកសមុទ្រ»

យោងតាមប្រតិបត្តិកររោងចក្រថាមពលនុយក្លេអ៊ែរ ហៅកាត់ថា TEPCO បានឱ្យដឹងថា ទឹកដែលបញ្ចេញចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូសីម៉ា ត្រូវបានចម្រោះចេញនូវធាតុវិទ្យុសកម្មទាំងអស់ លើកលែងតែ tritium។ ហើយសារធាតុនេះទៀតសោត ស្ថិតនៅក្នុងដែនកំណត់សុវត្ថិភាព និងទាបជាងកម្រិតដែលបានចេញផ្សាយក្នុងអំឡុងពេលប្រតិបត្តិការធម្មតា នៃរោងចក្រថាមពលនុយក្លេអ៊ែរ រួមទាំងនៅក្នុងប្រទេសចិនផងដែរ។

គួរបញ្ជាក់ថា ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងស្រុង ពីប្រទេសជិតខាងរបស់ខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពីប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញសំណល់ទឹក ពីរោងចក្រហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយចោទប្រកាន់ទីក្រុងតូក្យូពីបានចាត់ទុកមហាសមុទ្រដូចជា «ប្រព័ន្ធលូ»៕