(តូលេដូ)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុបបដិសេធការដណ្តើមអំណាចដោយបង្ខំ នៅក្នុងប្រទេសហ្គាបុង ហើយបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
លោក Borrell បាននិយាយដូច្នេះថា «បញ្ហាប្រឈមរបស់ប្រទេសហ្គាបុងត្រូវតែ ត្រូវបានដោះស្រាយស្របតាមគោលការណ៍នៃនីតិរដ្ឋ សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ។ សន្តិភាព និងវិបុលភាពរបស់ប្រទេស ក៏ដូចជាស្ថិរភាពក្នុងតំបន់ គឺពឹងផ្អែកលើវា»។
លោកបានបន្ថែមថា EU ក៏មាន «ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ» អំពីវិធីរៀបចំ និងរៀបចំការបោះឆ្នោតប្រធានាធិបតី មុនពេលរដ្ឋប្រហារផងដែរ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក Borrell បានប្រាប់អ្នកយកព័ត៌មាននៅក្នុងកិច្ចប្រជុំមួយ របស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបក្នុងប្រទេសអេស្ប៉ាញថា ការបោះឆ្នោតរបស់ហ្គាបុងគឺ «ញាំញីដោយភាពមិនប្រក្រតី»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ របបយោធាបាននិយាយថា ខ្លួនបានដណ្តើមអំណាច ដោយដាក់ប្រធានាធិបតី លោក Ali Bongo ឲ្យស្ថិតនៅក្នុងការឃុំខ្លួនក្នុងផ្ទះ និងលុបចោលលទ្ធផលបោះឆ្នោត ដែលបានផ្តល់ឲ្យលោក Bongo កាន់តំណែងសម្រាប់អាណត្តិទី ៣។ វាជារដ្ឋប្រហារយោធាលើកទី៨ នៅអាហ្វ្រិកខាងលិច និងកណ្តាល ចាប់តាំងពីឆ្នាំ ២០២០មកនេះ៕