(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងជួបសមភាគី លោក Vladimir Putin នៅរមណីយដ្ឋាន Sochi របស់រុស្ស៊ី នៅថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ ដើម្បីពិភាក្សាអំពីការនាំចេញគ្រាប់ធញ្ញជាតិពីសមុទ្រខ្មៅ នេះបើយោងតាមប្រភពពីរ របស់តួកគីបានប្រាប់ទីភ្នាក់ងារ Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣នេះ។

ប្រភពមួយបាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីផលវិបាក នៃសង្គ្រាមនៅអ៊ុយក្រែន បន្ថែមពីលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ។

កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ បានផុតកំណត់បន្ទាប់ពីរុស្ស៊ីបានដកខ្លួនកាលពីខែកក្កដាកន្លងទៅ។ ចាប់តាំងពីពេលនោះមក ទីក្រុងអង់ការ៉ាបានព្យាយាមបញ្ចុះបញ្ចូលទីក្រុងមូស្គូឱ្យត្រលប់ទៅកិច្ចព្រមព្រៀងនោះវិញ៕