(បាងកក)៖ ដោយផ្អែកលើសម្តីរដ្ឋមន្រ្តីយុត្តិធម៌ថៃ លោក វីស្សានុ គ្រីង៉ា ម (Wissanu Krea-ngam) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅប្រទេសថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា អតីតនាយករដ្ឋមន្រ្តីថៃ លោក ​ថាក់ស៉ីន ស៉ីណាវ៉ាត់ បានដាក់សំណើជាផ្លូវការហើយ ដើម្បីស្នើសុំការព្រះរាជទានលើកលែងទោស ​ពីព្រះមហាក្សត្រថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។

លោក ថាក់ស៉ីន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ សម្រាប់បទល្មើសរំលោភអំណាចនិងទំនាស់ផលប្រយោជន៍  បន្ទាប់ពីរូបលោកបានវិលត្រឡប់មកកាន់ប្រទេសថៃវិញ កាលពីសប្តាហ៍មុន ក្រោយការរស់នៅនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ។ លោក ថាក់ស៉ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីចន្លោះឆ្នាំ២០០១-២០០៦។ ការវិលត្រឡប់មកវិញរបស់លោក កើតឡើងចំថ្ងៃតែមួយ ដែលបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្ស ភឿថៃ គឺលោក ស្រេតថា ថាវីស៉ីន ជាប់ជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ ខណៈលោក ថាក់ស៉ីន គឺជា​អ្នកជ្រោមជ្រែងនៅពីក្រោយគណបក្ស ភឿថៃ ហើយកូនស្រីលោក គឺអ្នកនាង ផែថោងថាន ក៏ជាសមាជិកជាន់ខ្ពស់នៅក្នុងបក្សផងដែរ។

គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីមកដល់ព្រលានយន្តហោះ កាលពីថ្ងៃទី២២ ខែសីហា និងជួបជុំគ្រួសារបានមួយរយៈពេលខ្លី លោក ថាក់ស៉ីន ​ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការ ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារតែម្តង។ យ៉ាងណាមិញ យប់ថ្ងៃដដែលនោះ ​រូបលោកត្រូវ​បានបញ្ជូនចេញទៅកាន់មន្ទីរពេទ្យប៉ូលិសមួយកន្លែង ដោយសារបញ្ហាសុខភាព៕