(ប៉េកាំង)៖ ​ចាប់តាំងអំពីមនុស្សយើងចេះដឹង និងចេះគិតមក ក៏បានបង្កើតជាក្រុមគ្រួសារនិងកុលសម្ព័ន្ធ លុះចំណេរតមកក៏បង្កើតជាទំនៀមទម្លាប់និងរបៀបរបបរស់នៅតាមបែបខុសៗគ្នា ហើយពិសេសគឺបង្កើតបាននូវអរិយធម៌ វប្បធម៌និងភាសាតាមប្លុករស់នៅរៀងៗខ្លួន។

ក្នុងន័យនេះ មិនថាប្រទេសដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំឬរាប់រយឆ្នាំនោះទេ គឺសុទ្ធតែមានអរិយធម៌ដែលបង្ហាញពី ​អត្តសញ្ញាណជាតិរៀងៗខ្លួន បើទោះបីជាប្រទេសដែលបានបំបែកខ្លួនពីគ្នាក្តី ក៏រមែងតែមានភាពខុសប្លែកគ្នាខ្លះៗផងដែរ តួយ៉ាងដូចជាប្រទេសសិង្ហបុរីនិងម៉ាឡេស៊ីជាដើម។

ដោយសារតែមានអរិយធម៌ខុសៗគ្នាតាមជាតិសាសន៍នីមួយៗ ដូច្នេះទើបបានធ្វើឱ្យពិភពលោកយើងមានភាពចម្រុះបែប តែទន្ទឹមនឹងនេះក៏បាននាំមកនូវភាពមិនចុះចម្រុងមួយចំនួន ខាងអរិយធម៌ផងដែរ ដែលសឹងតែកើតមានការរើសអើង ខាងពូជសាសន៍និងការប្រទូសរ៉ាយខាងសាសនាទៀតផង។

ដោយមើលឃើញពីភាពបែកខ្ញែកនៃពិភពលោក និងការកើនឡើងនៃភាពមិនចុះសម្រុងគ្នាឬសឹងតែឈានដល់ ការប៉ះទង្គិចគ្នារវាងអរិយធម៌មួយចំនួន ដែលតម្រូវឱ្យមានយន្តការឬគំនិតផ្តួចផ្តើមជាលក្ខណៈសកលដើម្បីដើរតួនាទីសម្រុះសម្រួល ផ្សះផ្សា និងប្រមូលផ្តុំគំនិតឯកភាពរួម ទើបបានជាលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម អរិយធម៌សកលដើម្បីរួមចំណែកជាផែនការ ពុទ្ធិ និងកម្លាំងចិនក្នុងន័យជំរុញការសន្ទនារវាងអរិយធម៌ទីទៃគ្នា បញ្ចៀសការប៉ះទង្គិច ហើយចុងក្រោយបំផុតឈានដល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា អរិយធម៌នៃប្រទេសនីមួយៗមានលក្ខណៈពិសេសនិងឧត្តមភាពរៀងៗខ្លួន យើងមិនអាចតម្កល់អរិយធម៌របស់ខ្លួនលើអរិយធម៌របស់អ្នកដទៃនោះទេ ពោលគឺអរិយធម៌មិនត្រូវបែងចែកឋានៈខ្ព ស់ទាបឬល្អអាក្រក់ឡើយ ដូចពាក្យចិនពោលថា «ផ្ការីកតែមួយទងមិនអាចចាត់ទុកថាជារដូវផ្ការីកទេ ផ្ការីករាប់រយរាប់ពាន់ទងទើបជារដូវផ្ការីក» ដែលមានន័យថាអ្វីៗគ្រប់យ៉ាងគួរលម្អគ្នាទៅវិញទៅមក ប្រសិនជាមានផ្ការីកតែមួយទងឬផ្កាទាំងអស់ សុទ្ធតែមានសណ្ឋានតែមួយ និងមានតែមួយពណ៌គត់ នោះវាគ្មានភាពទាក់ទាញទេ លុះត្រាតែវាមានពណ៌ចម្រុះនិងសណ្ឋានខុសៗគ្នាទើបអាចរំលេច ពីភាពស្រស់ស្អាតនិងលក្ខណៈពិសេសរៀងៗខ្លួន។

យ៉ាងណាមិញ ដោយសារតែមានអរិយធម៌ដែលមានភាពខុសប្លែកគ្នា ទើបបានញ៉ាំងឱ្យពិភពលោកមានភាពចម្រុះបែប ។ មិនថាអរិយធម៌លោកខាងលិចឬលោកខាងកើត សុទ្ធតែជាកេរដំណែលដ៏វិសេសវិសាលដែលបុព្វបុរសបានបន្សល់ទុកមក ដែលជាអត្តសញ្ញាណនៃជាតិសាសន៍នីមួយៗ ។ អាស្រ័យហេតុនេះ ការលើកតម្កើងអរិយធម៌និងវប្បធម៌របស់ ​ប្រទេសជាតិខ្លួនវាជារឿងត្រឹមត្រូវ តែមិនត្រូវចាត់ទុកអរិយធម៌របស់ខ្លួន ជាធំលើសគេហើយរើសអើង ស្អប់ខ្ពើមអរិយធម៌នៃជាតិសាសន៍ដទៃនោះឡើយ ។ មានតែការគោរពអរិយធម៌គ្នាទៅវិញទៅមក ទើបយើងអាចរៀនសូត្រពីភាពល្អផូរផង់នៃអរិយធម៌រៀងៗគ្នា ដើម្បីឱ្យអរិយធម៌គ្រប់ជាតិសាសន៍មាន ភាពចុះសម្រុងនិងរួមរស់នៅដោយសុខដុមរមនា។

កន្លងមក បញ្ហារើសអើងពូជសាសន៍បានបង្កផលវិបាក យ៉ាងធ្ងន់ធ្ងរសម្រាប់សង្គមមនុស្សជាតិ ។ ជនជាតិស្បែកសមួយចំនួនតែងចាត់ទុកខ្លួនមាន «ឋានៈ»ខ្ពស់ជាងជនជាតិស្បែកខ្មៅ ដែលនាំឱ្យកើតចេញជាការស្អប់ខ្ពើម និងការចងគំនុំខាងពូជសាសន៍ បង្កឱ្យកើតមានការប្រទូសរ៉ាយរហូតដល់ បណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសយ៉ាងច្រើន ។ ផ្នត់គំនិតបែបនេះបានចាក់ស្រែះក្នុងសង្គមនៃប្រទេសមួយចំនួន វាជាហានិភ័យលាក់កំបាំងដែលអាចនឹងផ្ទុះបញ្ហាធ្ងន់ធ្ងរគ្រប់ពេល។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់លើកឡើងថា «សុខដុមនីយកម្មសាសនាជាផ្នែកមួយដ៏សំខាន់ ក្នុងការគ្រប់គ្រងរដ្ឋ» ។ ជាការពិតណាស់ ទាំងអតីតកាលនិងបច្ចុប្បន្នកាល បញ្ហាអស្ថិរភាពនិងអសន្តិសុខសង្គមបានកើតឡើង ដោយសារជម្លោះសាសនានៅប្រទេសមួយចំនួន ដែលតម្រូវឱ្យធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការយោគយល់ ​និងបរិយាបន្នផ្នែកអរិយធម៌ដែលបូកបញ្ចូល ទាំងជាតិសាសន៍និងសាសនាផងដែរ ។ ប្រសិនបើការរើសអើងនិងការចងគំនុំនៅតែបន្តស្ថិតមាន នោះអាចនឹងបណ្តាលឱ្យកើតមានបញ្ហាធ្ងន់ធ្ងរ ដែលបាត់ការគ្រប់គ្រងនៅថ្ងៃណាមួយជាមិនខាន។

ពិភពលោកយើងមានជាង ២០០ ប្រទេសនិងតំបន់ សរុបជាង ២៥០០ ជនជាតិនិងមានសាសនាច្រើន ។ កត្តាប្រវត្តិសាស្ត្រនិងលក្ខខណ្ឌប្រទេសមិនដូចគ្នា ជាតិសាសន៍និងទំនៀមទម្លាប់ទីទៃគ្នា បានបង្កើតជាអរិយធម៌ខុសៗគ្នា ។ មានតែប្រកាន់ខ្ជាប់នូវទស្សនៈអរិយធម៌ដែលប្រកបដោយសមភាព រៀនសូត្រពីគ្នា សន្ទនា សហប្រតិបត្តិការនិងបរិយាបន្ន ទើបអាចធ្វើឱ្យអរិយធម៌មានភាពចម្រុះបែបនិងឈានដល់ការធ្វើសុខដុមនីយកម្មជនជាតិនិងសាសនាដែលជាកត្តាដ៏សំខាន់សម្រាប់ការរក្សាស្ថិរភាពនិងសន្តិភាពនៃប្រទេសជាតិ តំបន់និងពិភពលោក៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន