(សេអ៊ូល)៖ មេបក្សប្រឆាំងធំជាងគេនៅប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមការធ្វើកូដកម្មបង្អត់អាហារ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ក្នុងនោះរួមមានទាំងការប្រកាន់ជំហរអសកម្ម ជុំវិញការបញ្ចេញ​ទឹកកាកសំណល់វិទ្យុសកម្មរបស់ជប៉ុន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិក។ នេះបើតាមការ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។

លោក លី ចែម្យុង (Lee Jae-Myung) ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េ បានរៀបរាប់នូវហេតុផលជាច្រើន សម្រាប់សកម្មភាពរតវ៉ារបស់លោក ក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើការធ្វើកូដកម្មបង្អត់អាហារ នឹងមានរយៈពេលយូរប៉ុនណាឡើយ។ ហេតុផលទាំងនោះ ​រួមមានចាប់តាំងពីបញ្ហាសេដ្ឋកិច្ច នយោបាយដែលបង្កភាពបែកបាក់ ការគំរាមកំហែងចំពោះសេរីភាពនៃសារព័ត៌មាន ភាពខ្វះការទទួលខុសត្រូវ ចំពោះសោកនាដកម្មមនុស្សជាន់គ្នាស្លាប់ កាលពីខែតុលា ឆ្នាំមុន ហើយនិងបរាជ័យក្នុងការប្រឆាំងតវ៉ាចំពោះ​ការបង្ហូរទឹកសំណល់វិទ្យុសកម្មរបស់ជប៉ុន។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហា Fukushima ​លោក ​Lee បានចោទរដ្ឋាភិបាលកូរ៉េខាងត្បូង ថាគាំទ្រជប៉ុនជំនួសឱ្យការប្រឆាំងតវ៉ា។ យ៉ាងណាមិញ កន្លងមកនេះ កូរ៉េខាងត្បូងបាននិយាយថា ខ្លួនមិនគាំទ្រឬយល់ស្របចំពោះសកម្មភាពរបស់ជប៉ុនឡើយ ប៉ុន្តែផ្ទុយពីចិន ដែលបានប្រកាន់ជំហរប្រឆាំងច្បាស់ៗ ចំពោះទង្វើរបស់ទីក្រុងតូក្យូ។

ដោយឡែក ទោះបីការដែលអ្នកនយោបាយនៅកូរ៉េខាងត្បូង សម្រេចជ្រើសរើសធ្វើកូដកម្មបង្អត់អាហារ ដើម្បីទាមទារការយកចិត្តទុកដាក់មកលើ គោលជំហររបស់ពួកគេ មិនមែនជារឿងចម្លែកខ្លាំងក៏ដោយ វាគឺជារឿងកម្រ ដែលមេដឹកនាំនៃគណបក្សនយោបាយធំមួយ សម្រេចជ្រើសរើសធ្វើបែបនោះ៕