(ប៉េកាំង)៖ ក្រសួងការពារជាតិ នាថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ការទាក់ទងយោធានិងយោធា រវាងទីក្រុងប៉េកាំងនិងវ៉ាស៉ីនតោន មិនត្រូវបានបញ្ឈប់ឡើយ បើទោះបីជាភាពតានតឹងស្ថិតក្នុងកម្រិតខ្ពស់ក៏ដោយ រវាងកំពូលមហាអំណាចទាំងពីរ ជុំវិញបញ្ហាកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងរឿងជាច្រើនផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក វូ ឈាន (Wu Qian) ដែលជាអ្នកនាំពាក្យនៃក្រសួងការពារជាតិ បាននិយាយដូច្នេះថា «ខ្ញុំមានបំណងចង់គូសបញ្ជាក់ឱ្យច្បាស់ថា ការទាក់ទងយោធានិងយោធារវាងចិននិងសហរដ្ឋអាមេរិក គឺមិនត្រូវបានបញ្ឈប់នោះឡើយ»។ យ៉ាងណាមិញ លោក វូ បានបន្ថែមថា ការខ្វែងគំនិតគ្នាព្រមទាំងឧបសគ្គជាច្រើន គឺបន្តនៅមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ចិនបានបដិសេធសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ការរៀបចំកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ហើយនិងរដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) នៅក្រៅព្រឹត្តិការណ៍សន្និសីទអន្តរជាតិមួយ ស្តីពីបញ្ហាសន្តិសុខនៅឯប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំនេះ។ លោក លី ក៏ជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរ ចាប់តាំងពីឆ្នាំ២០១៨មក សម្រាប់ការសង្ស័យទិញសព្វាវុធពីប្រទេសរុស្ស៉ី៕