(ឡុងដ៏)៖ នៅក្នុងលិខិតសុំលាលែងពីតំណែងរដ្ឋមន្រ្តីការពារជាតិ ដាក់ជូនលោក រីស៉ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្តីអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ លោក បិន វ៉ាឡេស (Ben Wallace) បានបញ្ជាក់នូវការគាំទ្ររបស់លោកចំពោះរដ្ឋាភិបាល ប៉ុន្តែបានព្រមានកុំឲ្យមានការយល់ឃើញថា ការចំណាយលើវិស័យការពារជាតិ អាចធ្វើទៅបានស្រេចតែចិត្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។
ដោយអំពាវនាវជាថ្មីចំពោះរដ្ឋាភិបាល កុំឲ្យងាកមកកាត់បន្ថយការចំណាយលើវិស័យការពារជាតិរបស់ប្រទេស លោក វ៉ាឡេស បានគូសបញ្ជាក់ថា «ក្រសួងការពារជាតិ ត្រូវតែទទួលការគាំទ្រ មិនថាតែនៅលើមាគ៌ាលំដាប់ពិភពលោក ឬក្នុងប្រទេសនោះទេ»។ក្នុងលិខិតឆ្លើយតប លោកនាយករដ្ឋមន្រ្តី ស៊ូណាក់ បានសរសើរ លោក វ៉ាឡេស សម្រាប់ការងារបម្រើប្រទេសជាតិ ហើយថាយល់ច្បាស់ពីបំណងប្រាថ្នារបស់ លោក វ៉ាឡេស ក្នុងការសម្រេចចិត្តចុះចេញពីតំណែងនេះ។
គួរបញ្ជាក់ថា លោក Grant Shapps ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីសន្តិសុខថាមពល ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការពារជាតិថ្មី។ លោក វ៉ាឡេស ដែលទទួលបន្ទុកដឹកនាំលើការឆ្លើយតបរបស់ចក្រភពអង់គ្លេស ចំពោះការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ធ្លាប់បាននិយាយកាលពីខែកក្កដាថា លោកចង់ចុះចេញពីតំណែងសព្វថ្ងៃដែលកាន់អស់រយៈពេល ៤ឆ្នាំ ហើយនឹងលាលែងពីតំណែង ជាសមាជិកសភានៅការបោះឆ្នោតបន្ទាប់ ដើម្បីស្វែងរកឱកាសថ្មីៗ៕