(ប៉េកាំង)៖ យោធាចិនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនទើបតែបានធ្វើសមយុទ្ធយោធាយ៉ាងស៉ីជម្រៅ ដែលផ្តោតទៅលើសមត្ថភាពប្រឆាំងទប់ទល់នាវាមុជទឹក នៅឯតំបន់សមុទ្រចិនខាងត្បូង ចំពោះមុខការកើនឡើងនៃភាពតានតឹងពាក់ព័ន្ធនឹងតំបន់ផ្លូវទឹកយុទ្ធសាស្រ្ត ដែលមានបញ្ហាវិវាទមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។
បញ្ជាការដ្ឋានភូមិភាគខាងកើតនៃយោធាចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ពេលថ្មីៗនេះ នៅទីតាំងមួយក្នុងសមុទ្រចិនខាងត្បូង ក្រុមយន្តហោះល្បាតប្រឆាំងនាវាមុជទឹករបស់ចិន បានធ្វើការហោះហើរឥតឈប់សម្រាប់រយៈពេលជាង៤០ម៉ោង ដែលផ្តោតទៅលើការស្វែងរកវត្តមាននាវាមុជទឹក ហើយហាត់សមធ្វើដូចជាបើកការវាយប្រហារទៅលើពួកវា។
យោធាចិនបាននិយាយថា សមយុទ្ធនោះបានជួយដុសខាត់សមត្ថភាពប្រឆាំងនាវាមុជទឹកតាមផ្លូវអាកាស ហើយការហ្វឹកហាត់ត្រូវបានធ្វើឡើងនៅវេលាយប់ជ្រៅ និងទាបភ្លឺ ដើម្បីបង្កើនបទពិសោធធ្វើប្រតិបត្តិការនៅម៉ោងខុសៗគ្នា។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ខាងលើ មិនបានបង្ហើបថា តើមាននាវាមុជទឹកដែលមិនមែនជារបស់ចិន ត្រូវបានរកឃើញនៅក្នុងតំបន់ដែរឬក៏អត់ឡើយ។
គួរបញ្ជាក់ថា លំហាត់យោធាខាងលើ ស្ថិតក្នុងចំណោមសមយុទ្ធស្រដៀងគ្នាមួយចំនួនទៀត ដែលបានប្រព្រឹត្តទៅក្នុងឆ្នាំនេះ ហើយវាគឺជាផ្នែកនៃសកម្មភាពយោធាយ៉ាងទូលំទូលាយ ដែលយោធាចិនបានធ្វើនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ ចំណែក សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ក៏បានបង្កើនសកម្មភាពយោធារបស់ពួកគេផងដែរ ជាពិសេសនៅសមុទ្រចិនខាងត្បូង ជាទីដែលចិនមានបញ្ហាវិវាទទឹកដីជាមួយបណ្តាប្រទេសដទៃទៀត ដែលនៅជាប់តំបន់សមុទ្រនោះ៕