(ញូដេលី)៖ ក្រុមមន្រ្តី បានឲ្យដឹងថា លោកប្រធានាធិបតីចិន ស៉ី ជិនពីង ទំនងជាមិនទៅចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំ G20 ដែលនឹងរៀបចំក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។
មន្ត្រីឥណ្ឌា ២រូប អ្នកការទូតម្នាក់មានមូលដ្ឋាននៅក្នុងប្រទេសចិន និងមន្ត្រីម្នាក់ធ្វើការឲ្យរដ្ឋាភិបាលនៃប្រទេស G20 ផ្សេងទៀត បាននិយាយថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ត្រូវបានគេរំពឹងថា នឹងទៅចូលរួមជាតំណាងឲ្យទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងញូវដេលី។ យ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា និងចិន មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G20 នៅឥណ្ឌា ត្រូវបានគេមើលឃើញថាជាកន្លែងមួយដែលមេដឹកនាំចិន និងសហរដ្ឋអាមេរិក អាចនឹងជួបគ្នា ខណៈដែលប្រទេសមហាអំណាចទាំងពីរនេះ កំពុងព្យាយាមធ្វើឲ្យទំនាក់ទំនងមានស្ថេរភាពដោយសារតែភាពតានតឹងផ្នែកពាណិជ្ជកម្ម និងកត្តាភូមិសាស្រ្តនយោបាយ៕