(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិនៃប្រទេសជប៉ុន បានស្នើកញ្ចប់ថវិកាក្នុងទំហំកាន់តែធំថែមទៀត គឺ៧.៧ទ្រីលានយេន ឬស្មើនឹង៥២.៦៧ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ខណៈវាគឺជាជំហានថ្មីចុងក្រោយ នៅក្នុងផែនការដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិជប៉ុនសរុបចំនួន៤៣ទ្រីលានយេន (២៩៤ពាន់លានដុល្លារ) ក្នុងរយៈពេល៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។
សំណើខាងលើនេះគឺសម្រាប់ឆ្នាំទី២ នៃគម្រោងរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា ដែលសំដៅបង្កើនថវិកាការពារជាតិទ្វេដង ឱ្យដល់កម្រិត២ភាគរយនៃ GPD របស់ប្រទេសជប៉ុន នៅត្រឹមឆ្នាំ២០២៧ ស្របពេលដែលប្រទេសរបស់លោក ត្រូវប្រឈមមុខនឹងការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន ហើយនិងភាពពិបាកប៉ាន់ស្មាន នៃប្រទេសកូរ៉េខាងជើង។
សំណើកញ្ចប់ថវិកាការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលត្រូវបានដាក់ទៅកាន់ក្រសួងហិរញ្ញវត្ថុជប៉ុន គឺបន្ថែមជិត១ទ្រីលានយេន (៦.៨ពាន់លានដុល្លារ) លើកញ្ចប់ថវិកាឆ្នាំ២០២៣ ដែលមានទំហំ៦.៨ទ្រីលានយេន (៤៦.៥ពាន់លានដុល្លារ)។ ប្រសិនត្រូវបានអនុម័ត កញ្ចប់ថវិកាការពារជាតិជប៉ុន នឹងបន្តកើនក្នុងចំនួនខ្ទង់ ១ទ្រីលានយេន សម្រាប់រយៈពេល២ឆ្នាំជាប់ៗគ្នា ដែលមិនធ្លាប់មានពីមុនមកឡើយ។
គួរបញ្ជាក់ថា ការបង្កើនការចំណាយលើវិស័យការពារជាតិនេះ ដោយប្រទេសជប៉ុន គឺកើតមានឡើងបន្ទាប់ពីទីក្រុងតូក្យូ បានប្រកាន់ខ្ជាប់នូវគោលនយោបាយបាយសន្តិនិយមអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ កាលពីឆ្នាំ១៩៤៧ សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នជាសម្ព័ន្ធមិត្តរបស់ទីក្រុងតូក្យូ បានសរសេររដ្ឋធម្មនុញ្ញថ្មីឱ្យប្រទេសជប៉ុន ដែលលះបង់ចោលសិទ្ធិក្នុងការធ្វើសង្រ្គាម បន្ទាប់ពីជប៉ុនចុះចាញ់សង្រ្គាមលោកលើកទី២៕